សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជេីញក្រុងពាលីអគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី១៧ សីហា
ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធីការ ក្រសួងមហាផ្ទៃ បានអញើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីក្រុងពាលីអគារទីស្តីការក្រសួងមហាផ្ទៃ និងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ក្រោមអធិតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខង ស ខេង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា និងជាប្រធាគណៈកម្មការ បានមានប្រសាសន៍ថា កិច្ចប្រជុំដែលធ្វើឡើងនាឱកាសនេះ គឺដើម្បីប្រកាសផ្សព្វផ្សាយសមាសភាពនៃសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំពិធីក្រុងពាលីអគារទីស្តីការក្រសួងមហាផ្ទៃ និងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ និងដើម្បីបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវប្រគល់ជូនសមាសភាពនៃគណៈកម្មការ ដើម្បីត្រៀមរៀបចំកម្មវិធីដ៏សំខាន់ទាំងពីរខាងលើ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពរលូន និងអធិអធមជាទីបំផុតផងដែរ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃគណៈកម្មការ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបគោរពជូនអង្គប្រជុំថា ក្រសួងមហាផ្ទៃ បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ សម្រាប់រៀបចំពិធីចំនួនពីរក្នុងថ្ងៃតែមួយ គឺពិធីក្រុងពាលីអគារទីស្តីការក្រសួងមហាផ្ទៃថ្មី និងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ។ ដោយ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្មវិធីទាំងពីរនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខង ស ខេង។
នាយឧត្តមសេនីយ៍ បានបន្តថា កម្មវិធីក្រុងពាលី នឹងត្រូវរៀបចំនៅពេលព្រឹកនាទីស្តីការក្រសួងមហាផ្ទៃ ហើយមានអ្នកចូលរួមប្រមាណ ៨០០នាក់ ដោយគិតចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង។ ដោយឡែក កម្មវិធីជួបសំណេះសំណាល នឹងត្រូវរៀបចំនៅពេលរសៀល នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ដែលមានអ្នកចូលរួមប្រមាណ ៤.0៥០នាក់ ដោយគិតចាប់ពីថ្នាក់ប្រធាន-នាយការិយាល័យឡើង។
ជាថ្មីម្តងទៀត លោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា និងជាប្រធាគណៈកម្មការ បានបញ្ជាក់ថា ពិធីក្រុងពាលីអគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះ គឺក្នុងគោលបំណងសុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីឱ្យមន្រ្តីក្រសួងមហាផ្ទៃ បានចូលបំពេញការងារជាបណ្តោះអាសន្ន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនមែនជាពិធីសម្ពោធនោះទេ សម្រាប់ពីធិសម្ពោធនឹងត្រូវធ្វើនៅពេលក្រោយ បន្ទាប់ពីអគារទីស្តីការនេះបានសាងសង់រួចរាល់ជាស្ថាពរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ