ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិការប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ មិនមែនដើម្បីបម្រើឱ្យឋានសួគ៌ នៃការល្បែងខុសច្បាប់នោះឡើយ

ក្នុងកិច្ចប្រជុំណែនាំការងារងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០២២នេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលបានចំណាយថវិការប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ គឺមិនមែនដើម្បីបម្រើឱ្យឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ គឺក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល មិនមែនតែខេត្តព្រះសីហនុនោះទេ»។

ដើម្បីធានាឱ្យកិច្ចប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួយដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទទទួលបានជោគជ័យ សម្ដេចក្រឡាហោម ស ខេង បានណែនាំអង្គប្រជុំដែលជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត ឱ្យប្រកាន់ជំហរឯកភាពគ្នាថា «ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ គឺដោយត្រូវប្រកាន់គោលការណ៍នីតិរដ្ឋ មិនមែនដោយផ្អែកលើល្បែងស៊ីសងខុសច្បាប់នោះទេ»។

ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីគិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានទទួលសំណើរ សំណូមពរ និងបណ្ដឹងសរុបចំនួន២៨៩ករណី ក្នុងនោះខេត្តព្រះសីហនុមាន២១២ករណី។ ក្រុមប្រតិបត្តិការ ក៏បានស្រាវជ្រាវ និងស៊ើបអង្កេតបានករណីចំនួន៨៥ករណី រកឃើញមនុស្ស១៧៦នាក់ មាន៨សញ្ជាតិ ក្នុងនោះខេត្តព្រះសហនុច្រើនជាងគេ និងកត់សម្គាល់ថាភាគច្រើននៃជនរងគ្រោះគឺធ្វើការនៅកន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់។

សម្ដេចក្រឡាហោម បានបន្ថែមថា«ការបង្ក្រាបល្បែងអនឡាញខុសច្បាប់នេះ ពិតជាមានបញ្ហាប្រឈមមែន ដោយសារមានអ្នកនៅពីក្រោយខ្នងធ្វើជាខ្នងបង្អែក និងជនល្មើសមានវិធីសាស្រ្តច្រើន «ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងត្រូវយល់ឱ្យបានត្រឹមត្រូវថាអំពើនេះជាអំពើល្មើសច្បាប់ ហើយបម្រើផលប្រយោជន៍តែបុគ្គល ឬក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ពុំមែនបម្រើផលប្រយោជន៍សាធារណៈ ឬផលបរយោជន៍ប្រជាជនទូទៅឡើយ»៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ