(មានវីដេអូ)សម្ដេចក្រឡាហោម ស ខេង ៖ ល្បែងស៊ីសង ជាមេរោគមហារីកនៃសង្គម បើមិនដោះស្រាយទេ នឹងធ្វើឱ្យបញ្ហាសង្គមកាន់តែស្មុកស្មាញ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ល្បែងស៊ីសងខុសច្បាប់ ជាមេរោគមហារីក នៃសង្គមរបស់កម្ពុជា បើមិនដោះស្រាយទេ គឺធ្វើឱ្យបញ្ហាសង្គមកាន់តែស្មុកស្មាញបំផុត ដូច្នេះសមត្ថកិច្ចត្រូវបន្ដបង្ក្រាបឱ្យទាន់ពេលវេលា។
ការលើកឡើងរបស់ សម្ដេច ស ខេង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើ អភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌ រូបណា មិនទទួលខុសត្រូវលើតួនាទី បណ្តោយឱ្យល្បែងស៊ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោ មិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ។
ក្រោយបញ្ចប់កិច្ចប្រជុំណែនាំ អំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រសួង សម្ដេច ស ខេង ប្រាប់អ្នកក្រុមអ្នកសារព័ត៌មានថា «ល្បែងស៊ីសង់ខុសច្បាប់ហ្នឹង គឺជាមេរោគមហារីក នៃសង្គម ហើយបើយើងមិនដោះស្រាយអាហ្នឹងទេ គឺមេរោគហ្នឹងកាន់តែរីក ធ្វើឱ្យបញ្ហាសង្គមយើងកាន់ស្មុកស្មាន។ ឥឡូវនេះយើងមានយុទ្ធការបី ដែលធ្វើការជាមួយគ្នាហ្នឹង មិនមែនតែបង្ក្រាបល្បែងទេ ចង់និយាយថា សង្គ្រោះជនរងគ្រោះ ហើយបង្ក្រាបល្បែង ហើយនឹងផ្ដន្ទាទោស អ្នកដែលប្រព្រឹត្តបទល្មើស»។
សម្ដេច បន្ដថា មួយវិញទៀត សមត្ថកិច្ចត្រូវបង្កើនការគ្រប់គ្រងជនបទបរទេសដែលមកកម្ពុជា ឱ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីពួកគាត់មកធ្វើការក្រុមហ៊ុននានានៅកម្ពុជា ជៀសវាងធ្លាក់ក្នុងឧប្បយកលផ្សេងៗ។ សម្ដេច ថា រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំយ៉ាងច្បាស់លាស់ក្នុងការគ្រប់គ្រងល្បែងស៊ីសង។ សម្ដេច ស ខេង ចាត់ទុកថា «នេះជាការខិតខំ ដើម្បីហ្នឹងពន្លត់ភ្លើង បើយើងមិនដោះស្រាយអាហ្នឹងទេ មេរោគសង្គម នឹងរីក វារាលដាល់ដល់បទល្មើសផ្សេងៗទៀត»។
លើសពីនេះ សម្ដេច ស ខេង បានឱ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យល្បែងស៊ីសង់នេះដែរ ធ្វើឡើងទៅតាមច្បាប់ជាធរមាន ដោយធ្វើការត្រួតពិនិត្យ បានសេចក្ដីថា ល្បែងស៊ីសង់ ឬមួយអាជីវកម្ម មានច្បាប់ត្រូវត្រឹមឬអត់?។ សម្ដេច បន្ថែមថា អភិបាលរាជធានី-ខេត្ត ជាអ្នកទទួលបន្ទុកក្នុងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ