ភ្នំពេញ ៖ រយៈពេល ៦ខែ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចំនួន៧៤ករណី ថយចុះ១២៤ករណី បើធៀបនឹងឆ្នាំមុន។ នេះបើតាម លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួង ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង លោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ បានសហការជាមួយអង្គការដៃគូ ផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព សរុបចំនួន ៥២.៨០២លើក មានអ្នកចូលរួម ២.៣១២.៧៧៣នាក់ បានកើនឡើងជាង ៣០.០០០នាក់ ធៀបនឹងឆ្នាំ២០២១។

លោក ស្រីបន្តថា «ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន៧៤ករណី ថយចុះ១២៤ករណី ធៀបនឹងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨៣នាក់ អនីតិជន៧នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសមាន១២នាក់ ស្មើ៤សញ្ជាតិ។ សមត្ថកិច្ច ក៏បានសង្គ្រោះជនរងគ្រោះ១៥៦នាក់ ក្នុងនោះស្រី១០៥នាក់ អាយុក្រោម១៥ឆ្នាំ៦០នាក់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ