កម្ពុជា លើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀតពីអង់គ្លេស លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងបន្តលើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀតពីចក្រភពអង់គ្លេស ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។
នាកាសអនុញ្ញាតជូនលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសចូលជួបជម្រាបលា នាថ្ងៃទី១៨ សីហា បានថ្លែងអំណរគុណ លោលស្រី ចំពោះការគាំទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាលើវិស័យពាក់ព័ន្ធជាមួយនឹងក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសលើការងារ បណ្តុះបណ្តាលធនធានមនុស្សក្នុងកងកម្លាំងនគរបាលជាតិ។
សម្ដេច បានចាត់ទុកថា នេះជាកិច្ចការមួយដ៏មានសារៈសំខាន់ ខណៈក្រសួងមហាផ្ទៃកំពុងតែខិតខំលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនគរបាលជាតិជាមន្ត្រីបម្រើសេវាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សម្ដេច បានបញ្ជាក់ថា "ពិតជាគាំទ្រ និងបន្តលើកទឹកចិត្តឲ្យមានការគាំទ្របន្ថែមទៀតពីចក្រភពអង់គ្លេស ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលក៏ជាកិច្ចការមានសារៈសំខាន់ ខណៈធនធានមនុស្សលើវិស័យនេះរបស់កងកម្លាំងនគរបាលកម្ពុជានៅមានកម្រិតនៅឡើយ"។
សម្ដេច បន្ថែមថា ការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យនគរបាលជាតិ ក៏ជាការរួមចំណែកដ៏សំខាន់មួយក្នុងការចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលកិច្ចការនេះក៏ជាកិច្ចការសំខាន់ និងមិនអាចប្រទេសណាមួយធ្វើតែម្នាក់ឯងបាននោះទេ គឺពិតជាទាមទារឱ្យមាននូវកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានានៅក្នុងតំបន់ និងសកលលោក។
លោកស្រី Tina Redshaw បានថ្លែងអំណរដល់អង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ដែលតែងផ្ដល់នូវកិច្ចសហការគាំទ្រដល់ពលរដ្ឋអង់គ្លេសដែលជួបប្រទះការលំបាកផ្សេងៗនៅកម្ពុជា ជាពិសេសពាក់ពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ និងការជួយសម្រួលឱ្យផ្នែកកុងស៊ុលរបស់ស្ថានទូតអង់គ្លេសបានជួបប្រាស្រ័យជាមួយជនជាតិអង់គ្លេសដែលជាប់ឃុំនៅតាមបណ្ដាពន្ធនាគាររបស់កម្ពុជា។
លោកស្រី ក៏យកឱកាសនេះជម្រាបជូន សម្ដេចក្រឡាហោម ផងដែរអំពីវេទិកាអន្តរភាគីនានា ក៏ដូចជាកម្មវិធីមួយចំនួនទៀតដែលបានផ្តល់នូវការជួយគាំទ្រដល់ការអភិវឌ្ឍលើវិស័យធនធានមនុស្សរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងការលើកកម្ពស់ធនធានមនុស្សក្នុងវិស័យនគរបាលជាតិដែលកម្មវិធី ក៏ដូចជាវេទិកាទាំងនោះ មានការគាំទ្រពីចក្រភពអង់គ្លេស៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ