ឥណ្ឌាដាក់ចេញវិធានការប្រឆាំងប៉ូលិសខ្លួនដែលដុះក្បាលពោះ ឬ ធាត់ជ្រុល ដោយឱ្យជម្រើស២ គឺសម្រកគីឡូ ឬត្រូវបញ្ឍប់ពីការងារ
ឥណ្ឌា៖មន្ត្រីប៉ូលីសក្នុងរដ្ឋ Assam របស់ឥណ្ឌាត្រូវបានដាក់បញ្ជាដាច់ណាត់មួយឱ្យសម្រកគីឡូ ក្នុងរយៈពេលពីរបីខែ ឬក៏ត្រូវបញ្ឈប់ពីការងារ។មន្ត្រីប៉ូលីសរដ្ឋកំពូលមួយរូបបាននិយាយថាមន្ត្រីទាំងអស់នឹងត្រូវធ្វើការកាត់ត្រា សន្ទស្សន៍ម៉ាសរាងកាយ (BMI) ចាប់ពីពាក់កណ្តាលខែសីហា។
បន្ទាប់មកមន្ត្រីក្នុងប្រភេទ "ធាត់" នឹងត្រូវផ្តល់ពេលវេលាដល់ខែវិច្ឆិកា ដើម្បីកាត់បន្ថយទម្ងន់ ឬដាក់ឱ្យចូលនិវត្តន៍មុនកាលកំណត់ ក្នុងនោះលោក GP Singh អគ្គនាយកប៉ូលីសនៃរដ្ឋ Assam បាននិយាយថា មនុស្សដែលមានលក្ខខណ្ឌសុខភាពនឹងត្រូវបានលើកលែង ហើយលោក Singh បាននិយាយនៅក្នុង Tweet ថាគាត់នឹងក្លាយជាមនុស្សដំបូងគេក្នុងកម្លាំងដែលទទួលបានការកត់ត្រា BMI របស់គាត់។
កាលពីប៉ុន្មានសប្តាហ៍មុន ប្រមុខរដ្ឋ Assam បាននិយាយថា បុគ្គលិកប៉ូលីសប្រហែល 300 នាក់នៅក្នុងរដ្ឋ នឹងត្រូវបានស្នើសុំឱ្យចូលនិវត្តន៍មុនកាលកំណត់ ដោយសារតែពួកគេជា "អ្នកផឹកស្រា" និង "រាងកាយមិនសមរម្យ" ។
ប្រមុខរដ្ឋរូបនេះបាននិយាយថា វាជាយុទ្ធនាការ ដែលយើងគួរធ្វើ សម្រាប់កងកម្លាំងត្រូវ «កាត់ឈើងាប់និងឈើមិនបានការចែញពីមែកធាងនៃ កងកម្លាំងប៉ូលិស»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ 2018 មន្រ្តីប៉ូលីសបម្រុងនៅក្នុងរដ្ឋ Karnataka ក៏ត្រូវបានស្នើសុំឱ្យបញ្ចុះទម្ងន់ ឬប្រឈមមុខនឹងការព្យួរការងារផងដែរ។ មន្ត្រីកំពូលម្នាក់បានប្រាប់ BBC នៅពេលនោះថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែមន្ត្រីជាច្រើនបានស្លាប់ដោយសារ "ជំងឺទាក់ទង បញ្ហាបេះដូង និងជំងឺទឹកនោមផ្អែមក្នុងរយៈពេល១៨ ខែកន្លងមកនេះ។
សន្ទស្សន៍ម៉ាសរាងកាយ BMI ត្រូវបានគណនាដោយបែងចែកទម្ងន់របស់មនុស្សជាមួយ កម្ពស់របស់ពួកគេ ហើយត្រូវបានប្រើប្រាស់ដោយវេជ្ជបណ្ឌិត អ្នកផ្តល់សេវាសុខភាព និងអ្នកធានារ៉ាប់រងជាច្រើនជុំវិញពិភពលោក ដើម្បីសម្រេចថាតើបុគ្គលម្នាក់មានសុខភាពល្អ លើសទម្ងន់ ឬធាត់៕SP