សម្ដេចក្រឡាហោម ស ខេង ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យាលក់ក្របខណ្ឌនគរបាល
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រសួងមហាផ្ទៃ បានថ្លែងថា សម្ដេច ស្នើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យាលក់ក្របខណ្ឌនគរបាល ខណៈក្រសួងកំពុងធ្វើកំណែទម្រង់កងកម្លាំងនគរបាល។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ សីហា ២០២២ សម្តេច ស ខេង បានឲ្យដឹងថា ការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល បើគ្មានតម្លាភាព គឺគ្មានន័យ។ បញ្ហាទាំងនេះ សម្ដេច ក៏បានយកចិត្តទុកដាក់បំផុត ដើម្បីពង្រឹងគុណភាព នៃការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល។
សម្ដេច ឲ្យដឹងទៀតថា មានអ្នកចង់ធ្វើប៉ូលីសច្រើនណាស់ រួចនាំគ្នារត់ការដើម្បីចូលធ្វើប៉ូលីស ហើយផ្ដល់ថវិកាឲ្យគេជាមុន ១ម៉ឺនដុល្លារ ឬ ៣ម៉ឺនដុល្លារ រួចហើយសន្យាថា ឆ្នាំក្រោយនឹងបានចូលធ្វើប៉ូលីស។ សម្ដេច បញ្ជាក់ថា ទោះបីជា សម្ដេច ជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏គ្មានសិទ្ធិហត្ថលេខាផ្ដល់ក្របខណ្ឌ ដោយគ្មានការប្រឡងនោះទេ។ សម្ដេច គ្រាន់តែមានសិទ្ធិអនុញ្ញាតឲ្យចូលប្រឡង ប៉ុន្ដែប្រឡងជាប់ ឬមិនជាប់ គឺលើខ្លួនឯង ខណៈសម្ដេច គ្មានសិទ្ធជួយឡើយ។
សម្ដេច មានប្រសាសន៍ «មន្ដ្រីត្រូវពិន័យ ថ្នាក់អនុរដ្ឋលេខាធិការ ខ្ញុំស្នើទៅ សម្ដេចតេជោ ដក គឺដកចេញ ដើរសន្យាគេតែម្ដង ខ្ញុំមិនហែកកេរ្តិ៍ទេ អាហ្នឹងត្រូវអារកាត់ធ្វើ បើមិនចឹងទេ ដើរសន្យាលក់ក្របខណ្ឌ អាហ្នឹងអត់បានទេ។ យើងកំពុងធ្វើកំណែទម្រង់នគរបាល ដើម្បីឈានទៅដល់មានគុណភាព ប្រសិទ្ធិភាព ដើម្បីបម្រើប្រជាពលរដ្ឋ»។
លើសពីនេះ សម្ដេច ស ខេង ក៏ហួសចិត្តចំពោះអ្នកជឿទុកចិត្តគេ ដើម្បីចូលធ្វើប៉ូលីស ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទាំងនេះ កុំឲ្យចាញ់បោកគេតទៀត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ