(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរ និងថ្លែងអំណរគុណជូនដល់ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេអាចផ្ញើប្រាក់ទៅគ្រួសារជាមធ្យមប្រមាណ ១ពាន់ដុល្លារ ក្នុង១ខែ និងបានរួមចំណែករកប្រាក់ចំណូលជូនជាតិប្រមាណជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ។ កត្តានេះបានបង្ហាញថា ពលករខ្មែរនៅទីនោះ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងជួយបង្កើនចរន្តសេដ្ឋកិច្ចជាតិថែមមួយកម្រិតទៀត។ នេះបើតាមផេកផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក អ៉ិត សំហេង មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានការចូលរួមពីបងប្អូនពលករខ្មែរ និស្សិតខ្មែរ អង្គទូត និងភាគីកូរ៉េ សរុបប្រមាណ ៥ពាន់នាក់។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តថា៖ «បន្ទាប់ពីបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្មួយៗជាពលករនឹងទទួលជំនាញ វិន័យ ចំណេះដឹង ធនធាន និងបទពិសោធន៍ ដើម្បីយកទៅអនុវត្តនៅប្រទេសយើង មិនតែប៉ុណ្ណោះ ក្មួយៗ ក៏ជាស្ពានសម្រាប់ការទាក់ទាញវិនិយោគដោយផ្ទាល់របស់កូរ៉េ ដែលពួកគេតែងតែកោតសរសើរ និងសង្កេតឃើញថា ពលករកម្ពុជាតែងតែគោរពវិន័យការងារបានត្រឹមត្រូវ និងមានឥរិយាបថល្អអំឡុងពេលបម្រើការងារ»។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើង អំពីការអនុវត្តភារកិច្ច ៥ រួមមាន៖ ទី១. ពង្រឹងសហប្រតិបត្តិការជាមួយភាគីកូរ៉េ ដើម្បីរក្សា និងបង្កើនការងារជូនពលករកម្ពុជា, ទី២. ផ្តល់សេវាសាធារណៈជូនក្មួយៗពលករ តាំងពីពេលប្រឡងតេស្តភាសាកូរ៉េ រហូតដល់ពេលធ្វើការ ហើយត្រឡប់ទៅវិញ, ទី៣. សហការជាមួយភាគីកូរ៉េ ការពារសិទ្ធិការងារតាមច្បាប់ និងអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ, ទី៤. ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពជូនក្មួយៗ ដើម្បីអាចរកការងារថ្មី និងត្រៀមលក្ខណៈសម្បត្តិពេលដែលវិលត្រឡប់ទៅវិញ, និងទី៥. សម្របសម្រួលបញ្ហាផ្សេងៗ ការប្រឹក្សា និងដោះស្រាយបញ្ហាទៅដល់ក្មួយ ដោយមិនគិតភាពនឿយហត់ ហើយក្រៅពីនេះ ក្រុមការងារកំពុងជួយសម្របសម្រួលក្នុងការបង្កើតវត្តខ្មែរ និងមជ្ឈមណ្ឌលវប្បធម៌ដើម្បីឱ្យក្មួយៗបានគោរពព្រះពុទ្ធសាសនា ដែលអាចជួបជុំគ្នាគោរពប្រតិបត្តិ និងបង្កើតជាកម្មវិធីកំសាន្តសប្បាយផ្សេងៗ។

គួរបញ្ជាក់ជូនដែរថា សម្តេចតេជោ ហ៊ុន សែន បានកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យមានភាពរីកចម្រើន ជាពិសេសក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីចុងឆ្នាំ២០២២ថ្មីៗនេះ សម្តេចតេជោ ក៏បានជួបប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាការងារ និងពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។ 

បន្ថែមពីនេះ ចាប់តាំងពីឆ្នាំ២០០០ លោក អ៉ិត សំហេង បានមកទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីចចារជាមួយក្រសួងមុខរបរ និងការងារ និងស្ថាប័នពាក់ព័ន្ធកូរ៉េ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេសការទទួលយកពលករកម្ពុជា ដោយចាប់ផ្តើមពីការអនុវត្តប្រព័ន្ធបណ្តុះបណ្តាលជំនាញ និងបន្ទាប់មកប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) នៅឆ្នាំ២០០៧ ដែលបានផ្តល់បរិយាកាសការងារកាន់តែល្អប្រសើរ និងការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនប្រកបដោយសុក្រឹតភាព តម្លាភាព និងសុវត្ថិភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ