សម្ដេចក្រឡាហោម ស ខេង ប្រាប់មន្ដ្រីក្រោមឱវាទថា ត្រូវខំបញ្ចេញស្នាដៃ មិនត្រូវខិតខំរត់ការ ដើម្បីបានស័ក្តិឡើយ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់មន្ដ្រីក្រោមឱវាទថា ត្រូវខិតខំបញ្ចេញស្នាដៃរបស់ខ្លួន ដោយមិនត្រូវខិតខំរត់ការ ដើម្បីបានស័ក្តិ ឬតួនាទីអ្វីឡើយ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកជំទាវ ញ៉ែម សាខន ស ខេង ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ថា ត្រូវរៀបចំឱ្យបានល្អ នូវតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ខ្លួន ព្រមទាំងសាមគ្គីឯកភាព រវាងមន្ដ្រីថ្នាក់លើ មន្ដ្រីថ្នាក់ក្រោម និងមន្ដ្រីថ្នាក់ស្នើគ្នា ដោយប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយគ្នា។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «មិនត្រូវភូតកហុស ហើយមិនត្រូវមានល្បិចកលជាមួយគ្នា យើងធ្វើការដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីយើងទេ អាចថា យើងទទួលផលមួយផ្នែកណាមួយ ប៉ុន្ដែយើងត្រូវតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំ»។
សម្ដេចក្រឡាហោម មានប្រសាសន៍ទៀតថា «ត្រូវជៀសវាង ការចង្អៀតចង្អុល ឬជៀងវាងការរារាំង ច្រណែនឈ្នាននីស លើសលួស ខ្វះបន្ដិចបន្ដួចរអ៊ួល ត្រូវខំបញ្ចេញស្នាដៃ មិនត្រូវខំរត់ការ ដើម្បីបានមុខ បានមាត់ បានស័ក្តិនោះទេ ត្រូវខំធ្វើការ»។
សម្ដេចក្រឡាហោម ស ខេង បន្ថែមថា មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ត្រូវធ្វើការងារប្រកបដោយវិជ្ជាជីវៈ។ សម្ដេច បន្ដថា ក្នុងនាមជាដឹកនាំមិនត្រូវមើលបំណាំគ្នា តើគាត់នោះធ្វើ ឬមិនធ្វើ? ក្នុងនាមជាដឹកនាំ ត្រូវមានតួនាទីសម្របសម្រួល និងក្រើនរំលឹកគ្នា ទៅវិញ ទៅមក ដើម្បីធ្វើការងារឱ្យបានល្អ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ