ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្តីបន្ទោសដល់លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលគ្មានចំណាត់ការ និងការដោះស្រាយបញ្ហាដល់កម្មករ ដែលជួបបញ្ហាថៅកែបិទទ្វាររោងចក្រហើយមិនបានបើកប្រាក់ខែឱ្យ។

ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់លោករដ្ឋមន្ត្រីក្រសួងការងារ ឱ្យខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់កម្មករ បន្ទាប់ពីពួកគេគ្រោងទៅស្វែងរកអន្តរាគមន៍ដល់ខុទ្ធកាល័យសម្តេច ក្រោយពីមិនមានដំណោះស្រាយពីក្រសួង។

សម្ដេចតេជោ បញ្ជាក់ថា «ក្រសួងការងារទៅណាអស់ហើយ ម៉េចមិនធ្វើការដោះស្រាយជួយកម្មករ។ អាណិតក្មួយៗមានបញ្ហាទៅរកក្រសួងជួយតាំងពីខែ៥ តែមិនឃើញដោះ ចុងក្រោយកម្មករថា ទៅរកដល់ខុទ្ទកាល័យខ្ញុំ។ រដ្ឋាភិបាលធ្លាប់ឲ្យលុយក្រសួងការងារខ្ចីដោះស្រាយជាមួយកម្មករ”។

ចំពោះបញ្ហានេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា សម្តេច មានមធ្យោបាយទទួលបានដំណឹងគ្រប់ទិសទី ក្រៅពីស្ថាប័នរដ្ឋ សម្តេចមានមធ្យោបាយ ដូចជា ពីប្រព័ន្ធផ្សព្វផ្សាយ និងវិធីផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ក៏បានណែនាំឲ្យក្រសួងការងារ ត្រូវដោះស្រាយបញ្ហារបស់កម្មករដែលទៅរកការជួយពីក្រសួង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ