(វ៉ាស៊ីនតោន)៖ នាយកដ្ឋានយុត្តិធម៌បាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែឧសភា ថា បុរសជនជាតិម៉ាសាឈូសេតម្នាក់ត្រូវបានចាប់ខ្លួនពីបទផ្តល់ព័ត៌មានអំពីអ្នកប្រឆាំងចិននៅសហរដ្ឋអាមេរិកដល់រដ្ឋាភិបាលរបស់ប្រទេសចិន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
យោងតាមនាយកដ្ឋានបាននិយាយថា លោក Litang Liang មានអាយុ ៦៣ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៩ ខែឧសភា ដោយចោទប្រកាន់ពីបទដើរតួជាភ្នាក់ងារនៃសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដោយមិនជូនដំណឹងដល់អាជ្ញាធរសហរដ្ឋអាមេរិក។
ការប្រកាសចាប់ខ្លួន លោក Liang បានកើតឡើងនៅថ្ងៃតែមួយ ខណៈដែលតុលាការនៅទីក្រុង Suzhou ភាគខាងកើតប្រទេសចិន បានបង្ហាញថា ពលរដ្ឋអាមេរិកអាយុ ៧៨ឆ្នាំម្នាក់ ឈ្មោះ John Shing-wan Leung ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតពីបទចារកម្ម។
នាយកដ្ឋានយុត្តិធម៌បាននិយាយថា ចាប់តាំងពី ចន្លោះឆ្នាំ២០១៨ និង ២០២២ លោក Liang បានបញ្ជូនព័ត៌មានអំពីអ្នករស់នៅតំបន់បូស្តុន អ្នកប្រឆាំង និង"អង្គការសហគមន៍ដែលមាននិន្នាការគាំទ្រតៃវ៉ាន់" ដល់មន្ត្រីរដ្ឋាភិបាលចិន៕PP