ទីបំផុត តុលាការសម្រេចឃុំខ្លួនថៅកែស្រីជនជាតិវៀតណាមម្នាក់ នាំចូលទឹកឃ្មុំក្លែងបន្លំជិត២០តោន
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ជាថៅក្រុមហ៊ុននាំចូល និងស្តុក ទឹកឃ្មុំក្លែងបន្លំប្រភពដើម ប្រមាណជិត២០តោន ដាក់ពន្ធនាគារព្រៃ.ស (ម២) ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ក្លែងបន្លំដើមកំណើតទំនិញ ដែលប្រឈមនិងត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ ។
តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ឈ្មោះ ង្វៀង ធីថាញ់ធៀន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជានាយកក្រុមហ៊ុន CHAN HONEY មានទីកន្លែងកំណើតនៅប្រទេសវៀតណាម ។ ជននេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ.ក្លែងបន្លំដើមកំណើតទំនិញ ដែលប្រព្រឹត្តនៅចំណុចផ្លូវបេតុង មុខក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ១៣ និងមាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ។
សូមជម្រាបថា នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនថៅកែស្រីជនជាតិវៀតម្នាក់ ជានាយកក្រុមហ៊ុន CHAN HONEY IMPORT EXPO RT CO.,LTD បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយជាប់ពាក់ពន្ធការនាំចូល និងស្តុកទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត២០ តោន ។ជនសង្ស័យមានឈ្មោះ NGUYEN THI THANH THIEN ភេទស្រី ជាជនជាតិវៀតណាម ជាម្ចាស់ក្រុមហ៊ុន ច័ន្ទ ហាន់នី អិមផត អិចផត ឯ.ក អាសយដ្ឋានស្នាក់នៅផ្ទះលេខ ៧៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សំណុំរឿងបានស្ថិតនៅដៃលោក ឆាយ ហុង ព្រះរាជអាជ្ញារង បើកការស៊ើបសួរ ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនា ញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របស ម្រួលនីតិវិធីផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីសាខា (ក.ប.ប) រាជធានីភ្នំពេញ មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសង្ស័យធ្វើការនាំចូល ស្តុកទុកទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ ។
ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០គីឡូក្រាម (ជិត២០ គីឡូក្រាម) ។ ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់ អាចជាផលិតផលក្លែងបន្លំប្រភព លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុនរួចធ្វើការបិទផ្លុំបេរ ដើម្បីធ្វើការត្រួតពិនិត្យបន្ត និងបាននាំខ្លួនម្ចាស់ទីតាំងជនជាតិវៀតណាម រួមនឹងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ។យោងតាមមាត្រា ៣១ ការប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ បុគ្គលទាំងឡាយណាប្រព្រឹត្តអំពើផ្ទុយនិងមាត្រា ១៣ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០លាន ទៅ៤០ លានរៀល ៕