សម្ដេចក្រឡាហោម ស ខេង ៖ ជម្លោះរវាង រុស្ស៊ី-អ៊ុយក្រែន មិនអាចបញ្ចប់ដោយប្រើប្រដាប់អាវុធនោះទេ គឺមានតែការចរចាគ្នាប៉ុណ្ណោះ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងថា ជម្លោះរវាង រុស្ស៊ី-អ៊ុយក្រែន នាពេលនេះ មិនអាចបញ្ចប់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ គឺមានតែការចរចាគ្នាប៉ុណ្ណោះ។
នាឱកាសអនុញ្ញាតជូនលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២សម្ដេចក្រឡាហោម ស ខេង ក៏បានផ្លាស់ប្ដូរទស្សនគ្នាជាមួយ លោកស្រីឯកអគ្គរដ្ឋទូតតួកគី អំពីព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន ដោយ សម្ដេចបានសង្កេតឃើញថា ប្រទេសតួកគី បានប្រកាន់ជំហរអព្យាក្រឹត្យ និងជាមេរៀនមួយដ៏ល្អអាចនឹងនាំទៅដល់ការកាត់បន្ថយភាពតានតឹងក្នុងតំបន់ជម្លោះជាអន្តរជាតិ រួមទាំងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដែលក៏បង្កផលប៉ះពាល់ជាសាកលរួមទាំងកម្ពុជាផងដែរនោះ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «ជម្លោះនេះ មិនអាចបញ្ចប់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ គឺមានតែការចរចាគ្នាប៉ុណ្ណោះ ទើបអាចស្វែងរកដំណោះស្រាយបាន»។
នាឱកាសនោះ លោកស្រី UIKU Kocaefe ក៏បានបង្ហាញការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់ សម្ដេចក្រឡាហោម និងបានមានប្រសាន៍ថា ជាការពិតបញ្ហានៃជម្លោះ និងការដាក់ទណ្ឌកម្មនេះ បានជះឥទ្ធិពលលើគ្រប់ប្រទេស និងស្ទើតែគ្រប់វិស័យ។
លោកស្រី បន្តថា ជំហររក្សាអព្យាក្រឹត្យរបស់តួកគី ក៏កំពុងតែជួបការលំបាកដែរ ប៉ុន្តែប្រទេសតួកគី នៅតែប្រកាន់ជំហរនេះ ដើម្បីឱ្យមានការចរចាពីគ្រប់ភាគី ពីព្រោះក្នុងសង្គ្រាមគឺមិនមានអ្នកឈ្នះនោះទេ ហើយសម្រាប់តួកគី គឺនឹងខិតខំព្យាយាមឱ្យប្រទេសជម្លោះចូលមកតុចរចា។ លោកស្រី បន្តថា ប្រទេសតួគី និងកម្ពុជា មានជំហរស្រដៀងលើបញ្ហានេះ ហើយក្នុងនាមប្រធានអាស៊ានលោកជំទាវសង្កេតឃើញថាកម្ពុជាពិតជាបានខិតខំរកដំណោះដោះស្រាយបញ្ហាតំបន់ ដូចជាករណីនៅប្រទេសមីយ៉ាន់ម៉ា។
ឆ្លៀតឱកាសនោះដែរ ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីទៀតអំពីការត្រៀមខ្លួនសហការធ្វើការជាមួយគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងតួកគី ពិសេសនៅក្នុងអំឡុងអាណត្តិការទូតរបស់លោកស្រី នៅកម្ពុជា ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ