ភ្នំពេញ  ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្អាកព្រះរាជពិធីនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកា ដូចការវិភាគរបស់ជនមួយចំនួននោះឡើយ។

 ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានមូលហេតុពីរដែលនាំឱ្យសម្តេចសម្រេចផ្អាក់ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ដោយសារការរាតត្បាតជំងឺកូវីដ១៩មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយមូលហេតុធំមួយទៀតនោះ គឺកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវរៀបចំដំណាលគ្នានឹងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំទទួលស្គាល់ថាកម្ពុជាជាប្រទេសក្រីក្រ តែមិនទាន់ជារដ្ឋក្ស័យធននោះទេ»។

 សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង។ យើងផ្តល់អាទិភាពសម្រាប់ប្រជាជនក្រីក្រ ហើយយើងក៏មិនខ្វះលុយត្រឹមតែព្រះរាជពិធីបុណ្យអុំទូក ដែលចាយត្រឹមតែ៤ ទៅ៥លានដុល្លារប៉ុណ្ណោះ។ នេះមិនមែនជាមូលហេតុពិតប្រាកដនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ប៉ុន្តែយើងគោរពចំពោះអ្នកវាយតម្លៃខុស យើងសូមកោតសរសើរចំពោះអ្នកវាយតម្លៃខុសបែបនេះ ដែលពួកគេនៅតែជាអ្នកបរាជ័យមួយជីវិត»

 បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅតែពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាហើយនោះ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ក៏មានការបំពេញទស្សនកិច្ចជាផ្លូវការពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីហ្វីលីពិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ