ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង នឹងអញ្ជើញជួបសំណេះសំណាល់ជាមួយមន្ដ្រីក្រោមឱវាទចំនួន ៤.៥០០នាក់ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
នាព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣នេះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ។
លោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ មានប្រសាសន៍ថា ចំពោះពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ នឹងរៀបចំធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ នាអគារទីស្ដីការជាន់ផ្ទាល់។ ដោយឡែក ចំពោះពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ នឹងរៀបចំធ្វើឡើងនារសៀលថ្ងៃដដែល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការ បានធ្វើសេចក្ដីរាយការណ៍សង្ខេបជូនគណៈអធីបតី និងអង្គពិធីទាំងមូលថា ពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលរៀបចំឡើងនាពេលព្រឹកនោះ គឺមានអ្នកចូលរួមជាង ៨០០នាក់។ ដោយឡែកចំពោះពិធីសំណេះសំណាល នារសៀលថ្ងៃដដែល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) វិញ មានអ្នកចូលរួមជាង ៤,៥០០នាក់។
ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារទាំងអស់ ចុះត្រួតពិនិត្យបរិវេណក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំកន្លែងដាក់រថយន្ដ ដើម្បីធ្វើយ៉ាងឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ ក្នុងពិធីក្រុមពាលីអាគារទីស្ដីការក្រសួងមហាផ្ទៃ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ