ភ្នំពេញ​៖លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញនូវក្តីសោកស្តាយជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមួយ ដឹកសពយកទៅផ្ទះនៅស្រុកគិរីវង់ ខេត្តតាកែវ ជម្រិតទារប្រាក់៤៥០ដុល្លារ។
 
ជនរងគ្រោះមានឈ្មោះ អ៊ុក ចន្នី ភេទស្រី អាយុ៣៥ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ មានស្រុកកំណើត នៅស្រុកគិរីវង់ ខេត្តតាកែវ។លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេងបញ្ជាក់ថា លោកបានជូនដំណឹងដល់អាជ្ញាធរខេត្តរួចរាល់ហើយ ហើយក្រសួងកំពុងស្វែងរករថយន្តសង្គ្រោះឯកជននោះ ដើម្បីចាត់ការតាមច្បាប់។
 
លោករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានជូនព័ត៌មានដល់អាជ្ញាធរខេត្តរួចរាល់អស់ហើយ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ហើយនឹងផ្តល់ថវិកាជូនគ្រួសារសពចំនួន ៤៥០ដុល្លារ និងតាមដានរករថយន្តសង្គ្រោះនេះ ដើម្បីមានវិធានការតាមផ្លូវច្បាប់»។
 
សូមជម្រាបថា កម្មការិនីរោងចក្រម្នាក់ បានបាត់បង់ជីវិត ខណៈជិះម៉ូតូត្រូវរថយន្តបុកហើយកិន នៅព្រលប់ថ្ងៃអាទិត្យទី១៤ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវេងស្រេង កែងនឹងផ្លូវណតប្រ៊ីត ក្នុងភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ហើយរថយន្តឯកជន ដែលក្រសួងសុខាភិបាលកំពុងស្វែងរកនោះ មានបំពាក់ស៊ីរ៉ែន និងមានសរសេរតែពាក្យ «រថយន្តសង្គ្រោះបន្ទាន់២៤ម៉ោង» ពាក់ស្លាកលេខ ព្រៃវែង 2A-7774 ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ