ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារសព្វ ដែលបានបាត់បង់កូនៗ និងចៅៗ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៤ តុលា នេះ ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»។

សម្ដេចតេជោ ក៏បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨៖ ទីព្រឹក ការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) បានរកឃើញសរុបចំនួន ១២នាក់ ស្លាប់ ៨នាក់  ក្នុងនោះ នៅសល់ចំនួន ៣នាក់ទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ