កណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រកាសថា ក្រោយសម្ដេច ចេញពីតំណែង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ នៅបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតា ដើម្បីរួបរួមគ្នាបម្រើដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាឲ្យចម្រើនបន្ថែមទៀត។

ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន៥៦៩នាក់ នៅបណ្ឌិត្យភានគរបាលកម្ពុជា នាកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា មន្ដ្រីមានឋានៈជាអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ គឺបន្ដការងារជាធម្មតា ហើយរឹតតែខិតខំបំពេញការងារបន្ថែមទៀត។ សម្ដេច ថា ក្រៅពីនោះ មន្ដ្រីនយោបាយ មានឋានៈរដ្ឋលេខាធិការ អនុរដ្ឋលេធិការ ក៏ត្រូវបន្ដទទួលនូវភារកិច្ច ដែលក្រសួងប្រគល់ជូន ព្រោះមានការងារត្រូវធ្វើជាច្រើនទៀត។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «សម្រាប់ក្រសួងមហាផ្ទៃ គឺមានតែខ្ញុំទេ ដែលចេញពីក្រសួង ដើម្បីទៅបំពេញបេសកម្មផ្សេងទៀត។ ក្រៅពីនោះអាចថា មន្ដ្រីផ្ទេរពីកន្លែងនេះ ពីកន្លែងនោះ វាជារឿងធម្មតាទេ។ ប៉ុន្ដែអ្នកភាគច្រើន ឬក៏ទាំងអស់ ក្រៅពីអ្នកដែលចេញ ហើយចេញតាមរយៈបញ្ចប់អាណត្តិ ដូចខ្ញុំ ជាដើម ឬក៏អ្នកផ្ទេរចេញទៅកន្លែងផ្សេង អាហ្នឹងគឺគាត់ចេញ។ ប៉ុន្ដែអ្នកក្រៅពីនឹង គឺបន្ដទៀត ក្នុងក្របខណ្ឌក្រសួងនេះ អញ្ចឹងទេ ខ្ញុំសង្ឃឹមជឿជាក់ថា អគ្គនាយកចុះ ដែលជាស្ថាប័នមុខសាធារណៈ នឹងបន្ដធ្វើការងាររបស់ខ្លួន»។

សម្ដេចក្រឡាហោម បានសង្ឃឹមថា មន្ដ្រីក្រសួងមហាផ្ទៃ នឹងបន្ដបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យក្រសួងមហាផ្ទៃ មានការរីកចម្រើនបន្ដទៀត ដើម្បីបម្រើដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេស ក្នុងវិស័យដែលក្រសួងទទួលខុសត្រូវ។ 

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា នៅប៉ុន្មានថ្ងៃទៀត រដ្ឋសភា នីតិកាលទី៧ នឹងបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ។ បន្ទាប់ពីនោះ នៅថ្ងៃទី២២ សីហា រាជរដ្ឋាភិបាលថ្មី នឹងត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា ដូច្នេះចាប់ពីថ្ងៃរសៀលថ្ងៃទី២២ សីហា តទៅ ក្រោយស្បថចូលកាន់តំណែងរាជរដ្ឋាភិបាលថ្មីរួច រាជរដ្ឋាភិបាលថ្មី នឹងបន្ដការងារពីរាជរដ្ឋាភិបាលចាស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ