(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ពិភពលោកកំពុងបែកបាក់ជាផ្នែកៗ ហើយសង្គ្រាមនុយក្លែអ៊ែរអាចនឹងកើតមានក៏ថាបាន ឬសង្គ្រាមលោកលើកទី៣អាចកើតមានក៏ថាបាន។ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌបានបង្កើឲ្យមានស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់។

ការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា បច្ចប្បន្ននេះ បញ្ហាថ្មីទៀតក៏បានមកដល់ ដែលបានអាចបំផ្លាញវិស័យទេសចរណ៍នេះថែមទៀត នោះនៅត្រង់ថា ចាប់ពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងទណ្ឌកម្ម ដែលបានបង្កើឲ្យមានស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «បញ្ហាវាមិនគ្រាន់តែបញ្ហាសង្គ្រាមនៅអ៊ុយក្រែនទេ ក៏ប៉ុន្តែវាក៏ផ្ដើមចេញពីទណ្ឌកម្ម ដែលបញ្ហាទណ្ឌកម្មនោះវាក៏បង្កើតឲ្យមានចលាចលទីផ្សារទូទាំងពិភពលោក ការព្រមានជាបន្តបន្ទាប់ IMF មិនមែនគ្មានហេតុផលនោះទេ កំណើនសេដ្ឋកិច្ចពិភពលោក អាចនឹងធ្លាក់ចុះជាបន្តបន្ទាប់ អតិផរណានៅតាមបណ្ដាប្រទេស គឺមានការកើនឡើង»

ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា បញ្ហាខាងលើនេះ ក៏ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដានានានៅលើពិភពលោក ហើយជាពិសេសសំបុត្រយន្ដហោះ អាចនឹងឡើងថ្លៃមួយជាពីរ ដែលនេះហើយជាផលប៉ះពាល់ ដោយអាចបង្កការរំខានទៅដល់វិស័យទេសចរណ៍៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ