ភ្នំពេញ​ ៖​ យោងតាមលទ្ធផលជំរឿនសត្វត្មាត​ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ សត្វត្មាតចំនួន ១៣១ ក្បាលត្រូវបានកត់ត្រានៅក្នុងតំបន់អភិរក្សចំនួន ៣ នៅប្រទេសកម្ពុជា។ ចំនួននេះប្រហាក់ប្រហែលនឹងលទ្ធផលជំរឿនក្នុងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅ។

 

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន​ បានថ្លែងឱ្យដឹង​ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះថាក្រុមអភិរក្សសត្វត្មាតកម្ពុជាបានរៀបចំជំរឿនសត្វត្មាតប្រចាំឆ្នាំដើម្បីរាប់ចំនួនសត្វត្មាតនៅក្នុងជម្រកធម្មជាតិក្នុងទិសដៅក្តាប់ឱ្យជាប់ចំនួនសត្វត្មាតដែលជាប្រភេទ សត្វកម្រជិតផុតពូជ និងដាក់ចុះវិធានការចាំបាច់នានាដើម្បីការពារនិងថែរក្សាសត្វត្មាតនេះឱ្យបានគងវង្សយូរអង្វែងតទៅមុខទៀត។

 

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន, ជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា គឺជាជំរឿនលើកទី២ ក្នុងចំណោមការងារជំរឿនសត្វត្មាត ៥ ដងក្នុងមួយឆ្នាំដែលក្រុមអភិរក្សសត្វត្មាតកម្ពុជារៀបចំឡើង។បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា ក្នុងចំណោមសត្វត្មាតដែលបានរាប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ទាំង ១៣១ ក្បាលនោះរួមមានត្មាតភ្លើងចំនួន ១២ក្បាល, ត្មាតផេះ ៧៧ ក្បាល និងត្មាតត្មោតចំនួន ៤២ ក្បាល។ ជំរឿនសត្វត្មាតនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣ រួមមានដែនជម្រកសត្វព្រៃសៀមប៉ាងខេត្តស្ទឹងត្រែងមានចំនួន ៩៣ ក្បាល (ត្មាតត្នោតចំនួន ៣១ ក្បាល, ត្មាតផេះចំនួន ៥៦ ក្បាល, ត្មាតភ្លើងចំនួន ៦ក្បាល), ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ មានសត្វត្មាតចំនួន ៣១ ក្បាល (ត្មាតផេះចំនួន ១៦ ក្បាល, ត្មាតត្នោតចំនួន ១១ ក្បាល និងត្មាតភ្លើងចំនួន ៤ ក្បាល) និងក្នុងព្រៃទឹកលិចទន្លេមេគង្គក្នុងខេត្តក្រចេះមានចំនួន ៧ ក្បាល (ត្មាតផេះចំនួន ៥ ក្បាល និងត្មាតភ្លើងចំនួន ២ ក្បាល)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ