(មានវីដេអូ)៖ទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នងនៅខេត្តរតនគិរីត្រូវពលរដ្ឋដុតបំផ្លាញចោល
ភ្នំពេញ ៖ នាពេលថ្មីៗនេះ ទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យ ចំនួន២ខ្នង ត្រង់ចំណុច អូរឡាប៉ង ស្ថិតក្នុង ភូមិតាបូក ឃុំតាវែង លើស្រុកតាវែង ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋ ចំនួន៧៥នាក់ លើកគ្នាសម្រុកទៅដុតបំផ្លាញចោល ឆេះខ្ទេចខ្ទីអស់។
បើតាមរបាយការណ៍របស់លោក ស៊ូ វណ្ណ ធិនអភិបាលស្រុកតាវែង បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងឧទ្យានុរក្ស សហការជាមួយ កម្លាំងអធិការនគរបាលស្រុកតាវែង និងកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលឃុំតាវែងលើ ចុះទៅពិនិត្យទីតាំងប្រជាពលរដ្ឋកាប់ដីចំការក្នុងតំបន់ច្រករបៀង ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ដើម្បីស្រង់ស្ថិតិប្រជាពលរដ្ឋដែលបានរុករាន ដី-ព្រៃនៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ហើយដែលកន្លងមកធ្លាប់បានធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យារវាងមន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋទាំងនោះថាមិនអនុញ្ញាតឲ្យពួកគាត់កាប់រានតទៅទៀតទេ និងឲ្យពួកគាត់រុះរើខ្ទមរបស់ពួកគាត់ទាំងអស់ចេញពីតំបន់អភិរក្ស។
ប៉ុន្តែនៅពេលដែលក្រុមឧទ្យានុរក្សចុះទៅពិនិត្យមើលម្តងទៀតឃើញខ្ទមទាំងនោះមិនបានរុះរើ ឯម្ចាស់ខ្ទមក៏មិននៅ ក្រុមការងារឧទ្យានុរក្សក៏ដុតខ្ទមចំការ ធ្វើអំពីឈើប្រក់តង់កៅ ស៊ូអស់ចំនួន២ខ្ទម ឯចំណែកខ្ទម២ទៀត មានម្ចាស់នៅក្រុមការងារក៏បានប្រាប់ឲ្យ ម្ចាស់ខ្ទមចំការរុះរើដោយខ្លួនឯងហើយព្រមទាំងដកហូតបានរណារយន្តពីប្រជាពលរដ្ឋដែលកំពុងផែឈើធ្វើខ្ទមចំនួន ០២គ្រឿងយកមករក្សាទុកនៅទីស្នាក់ការ ឧទ្យានជាតិវីរៈជ័យស្រុកតាវែងផងដែរ។
របាយការណ៍បន្តថា ដោយសារតែមានគំនុំជាមួយមន្ត្រីឧទ្យាននុរក្ស ទើបពួកគេគៀរគរគ្នាជិត៧៥នាក់ មកដុតបំផ្លាញទីស្នាក់ការឧទ្យានជាតិវរៈជ័យ នោះចោលតែម្តង។ សម្ភារៈខូចខាតរួមមាន៖ អង្ករចំនួន១បេ, ឆ្នាំងចំនួន៦, អង្រឹងចំនួន៤, អាគុយចំនួន១, កានដាក់ទឹកចំនួន៣, ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹក។
ទាក់ទងនឹងសកម្មភាពប្រជាពលរដ្ឋលើកគ្នា មកដុតបំផ្លាញទីស្នាក់ការចោលខាងលើនេះ ដែរលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានដឹងដែរថា ពួកគាត់លើកគ្នា មកដុត បំផ្លាញ ទ្រព្យសម្បត្តិរដ្ឋ ត្រូវតែប្រឈមមុខចំពោះមុខច្បាប់។ លោកថា ឥលូវនេះកំណត់មុខសញ្ញាមេខ្លោងបានហើយ កំពុងតែរៀបចំឯកសារបញ្ជូន ទៅសាលាដំបូងខេត្តរតនគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់៕ E B
ទស្សនាវីដេអូខាងក្រោម៖