ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា រដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ានទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវសមភាពសម្រាប់ស្រ្តី ដើម្បីឱ្យស្ត្រីគ្រប់រូបមានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាព សង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ។

នាឱកាសអញ្ជើញបិទ កិច្ចប្រជុំកំពូលស្ដ្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ដ្រីនៅក្នុងអាស៊ាន» នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា «ដោយស្ត្រី គឺជាស្នូលនៃគ្រួសារ និងសហគមន៍ បើស្រ្តីរឹងមាំ គ្រួសារ និងសហគមន៍អាស៊ានរបស់យើង ក៏រឹងមាំដូចគ្នាដែរ»។

សម្ដេចតេជោ បន្ដថា ក្នុងន័យនេះ ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាកិច្ចការមួយដ៏សំខាន់ ដែលអាចផ្តល់ និងបង្កើនឱកាសដល់ស្រ្តីក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារ ក៏ដូចជា ការចូលរួមក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ចអាស៊ាន របស់យើងឱ្យកាន់តែមានភាពប្រសើរឡើង។

សម្ដេចតេជោ បន្ថែមថា ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងពេញលេញ និងទូលំទូលាយ ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន។

សម្ដេចតេជោ បានបញ្ជាក់ថា «ក្នុងន័យនេះ រដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ានទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវសមភាពសម្រាប់ស្រ្តី ក្នុងការទទួលបានការអប់រំ ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ, ភាពជាម្ចាស់លើការ គ្រប់គ្រងធនធានហិរញ្ញវត្ថុ, សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីឱ្យស្ត្រីគ្រប់រូបមានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ