ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរិះរកគ្រប់វិធានការ ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅលើបញ្ហាជួញដូរមនុស្ស ខណៈដែលអំពើជួញ ដូរមនុស្ស នៅតែបន្តកើត ឡើងយ៉ាងកក្រើកនៅទូទាំងពិភពលោក។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាព នៃការជួញដូរមនុស្សនៅកម្ពុជា» នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា «អំពើជួញដូរមនុស្ស បាននិងកំពុងកើតឡើងយ៉ាងកក្រើកនៅទូទាំងពិភពលោក ដែលជាវិបត្តិសកលមួយ ហើយទោះជាប្រទេសតូចឬក៏ធំ ក៏ទទួលរងនូវអំពើជួញដូរមនុស្សនេះ ពីព្រោះវាជាឧក្រិដ្ឋកម្មឆ្លងដែន និងមានបណ្ដាញចាត់តាំងថែមទៀតផង»។

លោកស្រី បានបញ្ជាក់ថា ការទប់ស្កាត់ឬការលុបបំបាត់អំពើជួញដូរមនុស្សនេះ មិនអាចនរណាម្នាក់ ធ្វើបានតែឯងនោះទេ ខណៈត្រូវតែមាន ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបង្ការនិងទប់ ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ លោកស្រី ថា ទោះបីរាជរដ្ឋាភិបាល ឬសកលលោក ដែលខំប្រឹងប្រែងបង្កើតច្បាប់ គោលនយោបាយ បទដ្ឋាន អនុសញ្ញា កតិកាសញ្ញា ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែបទល្មើសនៅតែបន្តកើតមានរហូត។

លោកស្រី បញ្ជាក់យ៉ាងដូច្នេះថា «យើងដឹងហើយថាអ្វីដែលយើងធ្វើមិនមែនល្អសុទ្ធតែល្អត្រឹមត្រូវ សុទ្ធតែមានប្រសិទ្ធភាព ពីព្រោះយើងដឹងហើយថា វានៅតែកើតមានៗ នូវអំពើជួញដូរមនុស្ស អ៊ីចឹងហើយដែលរាជរដ្ឋាភិ បាល បាននិងកំពុងតែរិះរកគ្រប់វិធានការ ដើម្បីឆ្លើយតបឱ្យបានទាន់ពេល ពីព្រោះយើងចង់កាត់បន្ថយភាពរង គ្រោះរបស់ប្រជាពលរដ្ឋ»។

សូមរំលឹកថា កាលពីឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានបង្រ្កាបការជួញដូរមនុស្សបានចំនួន ៣៥៩ករណី និងសង្រ្គោះជនរងគ្រោះបានចំនួន ៤៦៧នាក់ និងបានបញ្ជូញជនល្មើសទៅកាត់ទោសបានចំនួន ៥៣៨ ករណី លើ ១៩៣លើក ខណៈដែលកាល ពីឆ្នាំ២០១៩ បង្រ្កាបបានចំនួន១៥៥ករណី និងបានជួយសង្រ្គោះជនរងគ្រោះបានចំនួន ១៥៧៧នាក់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ