ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចេញបទបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន ជាពិសេសច្រកសមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប.ជ នាថ្ងៃទី៧ តុលា សម្ដេច ស ខេង បានណែនាំអាជ្ញាធរបន្តស្រាវជ្រាវ និងពិនិត្យសំណើថ្មីៗ និងករណីដែលនៅសេសសល់ ដើម្បីសង្គ្រោះជនរងគ្រោះ ស្វែងរកជនសង្ស័យ និងជនល្មើសរត់គេចខ្លួនមកផ្ដន្ទាទោសតាមច្បាប់ និងការបង្ការទប់ស្កាត់មិនឱ្យជនទាំងនោះបង្កអសន្តិសុខ នៅក្នុងសង្គម ។

សម្ដេច បញ្ជាក់ថា «ពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន ជាពិសេសច្រកសមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស។ បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានពលរដ្ឋរបស់ខ្លួនរងគ្រោះ ឬស្នើសុំអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបមេខ្លោង ឬបណ្តាញ មានអង្គការចាត់តាំង ដែលធ្វើការអូសទាញ ឬបោកបញ្ឆោតជនបរទេស ឱ្យឆ្លងដែន ដោយស្របច្បាប់ និងមិនស្របច្បាប់ចូលមកកម្ពុជា»។

សម្ដេច បន្ដថា អាជ្ញាធរ ក៏ត្រូវបង្កើនកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងធ្វើការត្រួតពិនិត្យជាប្រចាំ ឬដោយគ្មានការ ជូនដំណឹងជាមុន ព្រមទាំងអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គល ឬម្ចាស់ ទីតាំង ដែលមិនគោរពតាមច្បាប់ ស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។ ជាពិសេស បន្តចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅតាមគ្រឹះស្ថាន និងសហគ្រាសនានា រួមទាំង ទីតាំងកាស៊ីណូ សំដៅទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មជនបរទសដោយខុសច្បាប់ ព្រមទាំងចាត់វិធានការឱ្យម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ស្របតាមច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីអន្តោប្រវេសន៍របស់ព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ក្នុងរយៈពេល ៥១ថ្ងៃកន្លងមកនេះ ក្រុមការងារ បានស្រាវជ្រាវលើបណ្តឹងដែលអះអាងថា ជាករណីរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៤២០ករណី ។ ផ្អែកលើបណ្តឹងទាំងនេះ សមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបបញ្ជាក់ ដោយបានរកឃើញ ២២៩ករណី មានការពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ក្នុងនោះ ១១៨នាក់ (០៥សញ្ញាតិ) ជាជនរងគ្រោះនៃបទល្មើស ដូចជា ការបង្ខាំងជំរិតទារប្រាក់ ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស សញ្ចារកម្ម ល្បែងអនឡាញខុសច្បាប់ ជាដើម ។ ទន្ទឹមនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ (ជនជាតិខ្មែរ និងជនបរទេស) និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ