សម្តេចក្រឡាហោម ស ខេង ៖ ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីឱ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់
កំពង់ចាម ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ គឺជាការងារចាំបាច់ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ។
សម្តេចក្រឡាហោម ស ខេង បានលេីកឡេីងបែបនេះនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ដែលមានសិស្សនគរបាលជ័យលាភីចំនួន១៨៥នាក់ នៃសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា "ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី បទពិសោធ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់ វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ"។
សម្ដេច បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ២ និងសាលានគរបាល ភូមិភាគផ្សេងៗទៀតក្នុងពេលជាមួយគ្នា ដោយសារតែគំនិតដឹកនាំនិងច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំបណ្ឌិត្យសភា និងថាការវិវឌ្ឍរីកចម្រើននេះបានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលនគរបាលជាតិក្នុងយុគសម័យនៃសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេច ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាល ជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ។
សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់យកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។ ក្នុងឱកាសនោះដែរ សម្តេចក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្ស នគរបាលជ័យលាភីចំនួន១០រូប និងលិខិតថ្លែងអំណរគុណដល់សប្បុរសជនចំនួន៨រូប ផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ