ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌នៅលើទីផ្សាអន្តរជាតិ មិនមែនជាបញ្ហាប្រឈមរបស់កម្ពុជាតែឯងនោះទេ គឺជាបញ្ហារួមរបស់ប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន។

សន្និសីទអន្តរជាតិស្ដីពី «ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» នាថ្ងៃទី៥ កញ្ញា លោក ប្រាក់ សុខុន បានថ្លែងថា «ដូច្នេះហើយ យើងបានអញ្ជើញទាំងតំណាងរដ្ឋាភិបាលអាស៊ាន និងក្រុមអ្នកជំនាញអន្តរជាតិជាច្រើន មកជួបជុំគ្នានាថ្ងៃនេះ ដើម្បីសហការឆ្ពោះទៅរកការអនុវត្តសកម្មភាពទៅមុខរួមគ្នា ក្នុងការការពារសម្បត្តិវប្បធម៌របស់យើង ជាមួយនឹងការលើកស្ទួយការយល់ដឹង និងការផ្លាស់ប្តូរវប្បធម៌នៅក្នុងតំបន់ ដែលជាគោលដៅចម្បងរបស់អាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច»។ 

ក្នុងឱកាសនេះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជាត្រូវបានគេលួចនាំចេញដោយខុសច្បាប់ពីប្រទេស និងបានចរាចរទៅដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ការលួចបំផ្លិចបំផ្លាញនេះបាននាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ លប់បំបាត់ការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជាតិមួយ។

លោកស្រី បន្ថែមថា កន្លងមកនេះ កម្ពុជាបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ជាពិសេសជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ