(ភ្នំពេញ)៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួនថា ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ ជាថ្ងៃដែលប្រទេសកម្ពុជា ប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៥ ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” ។ទិវាគ្រូបង្រៀន ៥តុលា ត្រូវបានរាជរដ្ឋាភិបាល បង្កើតឡើងតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៧ ស្តីពីការបង្កើតទិវាគ្រូបង្រៀន នៃព្រះរាជាណាចក្រកម្ពុជា ។
 
ក្នុងរយៈពេលជាង ២ឆ្នាំ ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩មក គ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក បានឈានមុខគេក្នុងការគាំទ្រសិស្សានុសិស្ស អោយបន្តការសិក្សា និងស្តារការរៀនសូត្រដែលបាត់បង់ ។ ជំងឺរាតត្បាតកូវីដ-១៩ បានបង្ខំអោយមនុស្សនៅលើសកលលោក ត្រូវរៀនសម្របខ្លួនក្នុងវិស័យជាច្រើននៃជីវិត ។ ក្នុងនោះគ្រូបង្រៀននៅប្រទេសកម្ពុជា ត្រូវខិតខំរៀនជំនាញថ្មីៗ ឲ្យបានឆាប់រហ័ស ទាន់សភាពការណ៍ ដើម្បីត្រៀមខ្លួនសម្រាប់ជួយសិស្សានុសិស្ស ឲ្យបន្តការសិក្សារៀនសូត្រនៅពេលដែលស្ថានភាពប្រែប្រួល ។
 
ក្នុងបរិបទកូវីដ-១៩ សាលារៀនត្រូវបានបិទទ្វារ លោកគ្រូ អ្នកគ្រូជាច្រើន បានខ្នះខ្នែងរៀនជំនាញឌីជីថលថ្មីៗ ដើម្បីផ្លាស់ទីការបង្រៀននិងរៀនពីថ្នាក់រៀនបែបប្រពៃណីទៅ ជាការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត និងតាមបែបចម្រុះ ។
គុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ចំណេះជំនាញ បញ្ញាស្មារតី ដើម្បីបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងបទពិសោធ ក៏ដូចជាអប់រំទូន្មានតម្រង់ទិសដល់សិស្សានុសិស្ស ដូចជាកូនៗរបស់ខ្លួន រហូតដល់លោកគ្រូ អ្នកគ្រូ ត្រូវបានមនុស្សទាំងឡាយប្រសិទ្ធនាមថា “ជាឪពុកម្តាយទី២ របស់សិស្សានុសិស្ស” បន្ទាប់ពីឳពុកម្តាយ ដែលបានបង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូននោះ ។

 

ក្នុងនាមពលរដ្ឋខ្មែរ និងជាកូនសិស្សមួយរូប ខ្ញុំសូមចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៥ ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” និងសូមគោរពជូនពរលោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ទូទាំងប្រទេស សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ