ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា​ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB​ ជាម្ចាស់ជំនួយមួយបានរួមចំណែកជួយកម្ពុជា​ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជាបញ្ហាស្មុគស្មាញ។

នាកាសអនុញ្ញាតជូនលោកស្រី Jyotsana Verma នាយិកា​ ADB ប្រចាំនៅកម្ពុជា​ ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម​ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២​ សម្ដេច​ ស​ ខេង​ បានបញ្ជាក់ថា​ “ថាADB ក៏ជាម្ចាស់ជំនួយមួយដែលបានរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាស្មុគស្មាញ និងប្រសិនបើគ្មានការគាំទ្រពីភាគីពាក់ព័ន្ធទេ នឹងមិនអាចទទួលបានជោគជ័យដូចសព្វថ្ងៃនោះឡើយ”។ 

សម្ដេច​ បន្ថែមថា​ ADB​ ក៏បានជួយគាំទ្រកម្ពុជាក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាំងពីឆ្នាំ២០០២ ជាមួយនឹងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតជាមួយបណ្ដាប្រទេសនៅតាមបណ្ដោយដងទន្លេមេគង្គ។ 

ពាក់ព័ន្ធនឹងកំណែទម្រង់វិជម្ឈការ និងវិសហមជ្ឈការ​ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូន​ លោកស្រីនាយិកា​ ថា​ ផ្អែកតាមប្រវត្តិសាស្រ្ត ការងារកំណែទម្រង់នេះគឺជាការងារមួយដ៏ថ្មីសន្លាង ទាមទារឱ្យមានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់។ 

សម្ដេច​ បន្តថា​ រាជរដ្ឋាភិបាលបានទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយកំណែទម្រង់នេះបានចូលរួមចំណែកដល់ការលើកម្ពស់នូវស្ថិរភាព ភាពជាម្ចាស់ ការកាត់បន្ថយភាពក្រីក្រ និងការលើកម្ពស់ការចូលរួមរបស់ស្រ្តីនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកស្រីនាយិការADB បានថ្លែងអំណរគុណសម្ដេចក្រឡាហោមដែលបានទទួលលោកស្រី និងបានមានប្រសាសន៍ថាធនាគារអភិវឌ្ឍន៍អាស៊ីគឺជាដៃគូដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃ ដែលមានគម្រោងមួយចំនួនបាននិងកំពុងអនុវត្តជាមួយគ្នា។

លោកស្រីបានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់សម្ដេចក្រឡាហោម សម្រាប់ការគាំទ្ររបស់ADBក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលគួរឱ្យកោតសរសើរ។ ដោយឡែកពាក់ព័ន្ធនឹងគម្រោងADBនៅតាមដងទន្លេមេគង្គលោកស្រីក៏បានជម្រាបជូនសម្ដេចថាគម្រោងទាំងនោះបានបញ្ចប់ក្រោយរយៈពេល២០ឆ្នាំ ប៉ុន្តែនៅមានការងារបន្តបន្ទាប់ទៀតពាក់ព័ន្ធវិស័យនេះដែលADBកំពុងសិក្សា។

លោកស្រីក៏បានសម្ដែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការប្ដេជ្ញាចិត្ត និងឆន្ទៈក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការងារមួយទាមទាររយៈពេយូរអង្វែង។  លោកស្រីបានសម្ដែងការរីករាយយ៉ាងក្រៃលែងដែលបានដឹងព័ត៌មានតាមរយៈសម្ដេចក្រឡាហោមថារាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតសំខាន់ និងយកចិត្តទុកដាក់ចំពោះសមភាពយ៉ែនឌ័រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ