កំពង់ឆ្នាំង ៖ យុវជនខ្មែរឥស្លាមម្នាក់ បន្ទាប់ពីវិលត្រឡប់មកពីភ្នំគូលេន ត្រូវបានម្តាយស្តីបន្ទោស និងខ្មាស់អ្នកភូមិផង បានរត់ទៅចងកសម្លាប់ខ្លួន នៅដើមឈើ បង្កឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សពមានឈ្មោះ ម៉ាន ម៉ាត ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ តាមប្រភពពីអ្នកស្រុក បានឲ្យដឹងថា យុវជនរងគ្រោះទើបតែវិលត្រឡប់មកពីភ្នំគូលេន ដល់ផ្ទះត្រូវបានក្រុមគ្រួសារស្តីបន្ទោស បែជាតូចចិត្ត រត់ទៅធ្វើអត្តឃាតបែបនេះ ។

តាមប្រភពផ្សេងមួយទៀ តបានឲ្យដឹងថា យុវជនរងគ្រោះជឿស៊ប់លើការលើកឡើងរបស់លោក ខឹម វាសនា ដែលបានអះអាងថា លោកជាព្រហ្ម ទោះជាក្រុមគ្រួសារហាមឃាត់យ៉ាងណា ក៏ជនរងគ្រោះលួចធ្វើដំណើរទៅចូលរួមប្រមូលផ្តុំនៅភ្នំគូលេនតាមការអំពាវនាវរបស់មេបក្សនយោបាយរូបនេះដែរ។ លុះពេលវិលត្រឡប់មកវិញ ត្រូវបានក្រុមគ្រួសារស្តីបន្ទោស ក៏សម្រេចចិត្តរត់ទៅចងកសម្លាប់ខ្លួន ទើបតែនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ គេប្រទះឃើញ ចងកនៅលើដើមឈើ ។

សូមបញ្ជាក់ថា សពយុវជនខាងលើ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ កោសល្យវិច័យហើយ ឃើញថាស្លាប់ដោយធ្វើអត្តឃាត ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ