ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន រហូតមកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ គេហទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលពាក់បណ្តឹងសរុបចំនួន៩៩បណ្តឹងហើយ ទាក់ទងនឹងការស្នើអន្តរាគមន៍លើករណីបង្ខាំង និងជួញដូរពលកម្ម។

លោក បានបញ្ជាក់ថា បណ្តឹងទាំង៩៩នោះ គឺពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ជួយសង្គ្រោះជនបរទេស ដែលត្រូវបានអះអាងថា បង្ខាំង និងជួញដូរកម្លាំងពលកម្ម នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីសម្តេចបានអំពាវនាវឱ្យភាគីទាំងអស់ រួមទាំងបរទេសផងដែរ សហការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងករណីទាំងនេះ។

សូមបញ្ជាក់ថា រយៈពេល ៨ខែ ក្នុងឆ្នាំ២០២២នេះ ពោលពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការចុះត្រួតពិនិត្យលើបណ្តឹងចំនួន១០៤ករណី ដោយសង្គ្រោះមនុស្ស៩៦៨នាក់ និងឃាត់ខ្លួនជនសង្ស័យ៨២នាក់ ប៉ុន្តែក្នុងនោះមានតែ១៩ករណីប៉ុណ្ណោះ ដែលជាករណីបង្ខាំង និងជំរិតទារប្រាក់។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ