ចំនួនអ្នកស្លាប់ក្នុងការបាញ់ប្រហារដោយកាំភ្លើងលើទីស្នាក់ការប៉ូលិស នៅតំបន់សេនត្រល់ ប្រទេសវៀតណាម បានកើនឡើងដល់៩នាក់ ដែលក្នុងនោះមាន៤នាក់ ជាមន្ត្រីប៉ូលិស
(បរទេស)៖យោងតាមគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈ (MPS) បានឱ្យដឹងថា មនុស្ស២៦នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារដ៏កម្រមួយ ដែលបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យទី១១ ខែមិថុនា ក្នុងស្រុក គូគ័ន Cu Kuin នៃខេត្តដាក់ឡាក់ Dak Lak ។
មនុស្សមួយក្រុមជិះម៉ូតូ បានប្រើប្រាស់កាំភ្លើង និងអាវុធគ្រោះថ្នាក់ផ្សេងទៀត វាយបំផ្លាញទីស្នាក់ការគណៈកម្មាធិការប្រជាជន និងការិយាល័យនគរបាលក្នុងឃុំទាំង២ គឺឃុំអៀទៀវ និងឃុំអៀគរ។ លើសពីនេះ មន្ត្រីប៉ូលិស៤នាក់ មន្ត្រីមូលដ្ឋាន២នាក់ និងជនស៊ីវិល៣នាក់ បានស្លាប់បាត់បង់ជីវិត ខណៈដែលមន្ត្រីប៉ូលិសពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។
គួរជម្រាបថា តំបន់ខ្ពង់រាបកណ្តាល សេនត្រល់ ហាយលែន ជាកន្លែងរស់នៅរបស់ជនជាតិដើមភាគតិចមួយចំនួន ត្រូវបានចាត់ទុកថា ជាតំបន់រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម ហើយបានក្លាយជាកន្លែងដ៏ក្ដៅគគុកនៃការទាស់ទែងជាយូរណាស់មកហើយ ជុំវិញបញ្ហាជាច្រើន ដែលរួមមាន៖ បញ្ហាសិទ្ធិដីធ្លីជាដើម។ កុលសម្ព័ន្ធមួយចំនួននៅក្នុងតំបន់ ដែលត្រូវបានគេស្គាល់ថា ជាក្រុមម៉ុងតាញ៉ា (Montagnards) ស្ថិតនៅភាគខាងត្បូង ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក ក្នុងអំឡុងពេលសង្រ្គាមដ៏យូរអង្វែងរបស់វៀតណាម។ អំពើហិង្សាដោយកាំភ្លើង គឺជារឿងចម្លែកបំផុតនៅក្នុងប្រទេសវៀតណាម ដែលវាខុសច្បាប់សម្រាប់ពលរដ្ឋក្នុងការកាន់កាប់អាវុធ ហើយទីផ្សារងងឹតសម្រាប់អាវុធមានកម្រិត៕