ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានថ្លែងឱ្យដឹងថា​ កម្ពុជា​ ចង់ឱ្យមន្ត្រីនគរបាល មានស្តង់ដារ​ និងសមត្ថភាពខ្ពស់​ ដូចមន្ត្រីនគរបាលអន្តរជាតិផងដែរ។

នាឱកាសអនុញ្ញាតជូនលោក​ Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម​ នាថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០២២​ សម្ដេចក្រឡាហោម ស​ ខេង​ បានលើកឡើងថា កម្ពុជាសព្វថ្ងៃត្រូវការធនធានមនុស្សជាចាំបាច់ ដើម្បីរក្សាសន្តិសុខ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។ 

សម្ដេចក្រឡាហោម បញ្ជាក់ថា​ "កម្ពុជាចង់ឱ្យមន្ត្រីនគរបាល មានស្តង់ដារសមត្ថភាពខ្ពស់ដូចទៅនឹងមន្ត្រីនគរបាលអន្តរជាតិផងដែរ ក្នុងន័យនេះសម្ដេចក្រឡាហោម បានស្នើឱ្យប្រទេសអាល្លឺម៉ង់ពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនគរបាលនេះជាមួយប្រទេសកម្ពុជា"។ 

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យនគរបាល លោកទូត​ បានលើកឡើងថា វាគឺជាការងារមួយដ៏សំខាន់ ដោយសារមន្ត្រី នគរបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ។  ប្រទេសអាល្លឺម៉ង់ កំពុងត្រៀមរៀបចំ ក្រុមនាំមុខដើម្បីចុះមកធ្វើការសិក្សាជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីឈានទៅរកការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការជាមួយប្រទេសកម្ពុជា។

លោកបន្ថែមថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងតែសិក្សា លើចំណុចកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាលើការងារលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនគរបាល ដោយឯកឧត្តមបានចាត់ទុកថាការងារនេះមានសារៈសំខាន់ ដោយសារមន្ត្រីនគរបាលគឺជាអ្នកដែលធ្វើការផ្ទាល់ យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយទាមទារឱ្យមាននូវវិជ្ជាជីវៈ ខ្ពស់ និងមានសុជីវធម៌ល្អ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ