ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បា​នបញ្ជាក់ថា​ ដើម្បីរក្សាស្ថិរភាព នៅថ្នាក់មូលដ្ឋាន សម្រាប់រយៈពេលយូរអង្វែង​ គឺមិនអាចប្រមូលផ្ដុំអំណាចទាំងអស់​ នៅតែថ្នាក់កណ្ដាលនោះទេ ជម្រើសល្អបំផុត គឺផ្ដល់ភាពជាម្ចាស់ឱ្យប្រជាពលរដ្ឋ។ 

នាឱកាសអនុញ្ញាតជូនលោក​ Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម​ នាថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០២២​ សម្ដេចក្រឡាហោម ស​ ខេង​ មានប្រសាសន៍ថា "ដើម្បីរក្សាស្ថិរភាព និងសុខដុមបនីយកម្មនៅថ្នាក់មូលដ្ឋាន សម្រាប់រយៈពេលយូរវែង យេីងមិនអាចប្រមូលផ្ដុំបន្តរក្សាអំណាចទាំងអស់នៅតែថ្នាក់កណ្ដាលនោះទេ ជម្រើសល្អបំផុត គឺផ្ដល់ភាពជាម្ចាស់ឱ្យប្រជាពលរដ្ឋដើម្បីអនុញ្ញាតឱ្យពួកគាត់ចូលរួមក្នុងការអភិវឌ្ឍ ប្រកបដោយចិរភាពនៅថ្នាក់មូលដ្ឋាន"។ 

សម្តេចក្រឡាហោន បានរំលឹកផងដែរថា ក្រៅពីប្រទេសអាល្លឺម៉ង់ សម្តេចក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសមួយចំនួនផ្សេងទៀតផងដែររួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងប្រទេសបារាំង ប៉ុន្តែសម្តេច បានរកឃើញថាប្រទេសអាល្លឺម៉ង់ គឺជាប្រទេសដែលមានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិល្អជាងគេ ហើយចាប់តាំងពីពេលនោះមកប្រទេសកម្ពុជា បាន ធ្វើការជាមួយអាល្លឺម៉ង់ ដើម្បីយកគំរូល្អៗសម្រាប់កែច្នៃ និងប្រើប្រាស់សម្រាប់ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសកម្ពុជា។

ពាក់ព័ន្ធការងារនេះ សម្ដេចក្រឡាហោម បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតថា កាលពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការលើកដំបូងនៅកម្ពុជា គឺ ពុំមានការគាំទ្រច្រើនពីថ្នាក់ដឹកនាំ និងសាធារណជននោះទេ ប៉ុន្តែមកដល់ពេលនេះគឺ កិច្ចការងារនេះទទួលបានការគាំទ្រយ៉ាងធំធេងពីថ្នាក់ដឹកនាំ ក៏ដូចជាសាធារណជន ដែលអាចនិយាយបានថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះទទួលបានជោគជ័យយ៉ាងល្អ។

សម្តេច​ បានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងដាក់ឱ្យអនុវត្តនូវកម្មវិធី ជាតិដំណាក់កាលទីពីរ សម្រាប់ពីឆ្នាំ២០២១-២០៣០ ដែលក្នុងកម្មវិធីជាតិនេះ នឹងមានការបន្តការបែងចែកអំណាច និងធនធានទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីអនុញ្ញាតឱ្យថ្នាក់ក្រោមជាតិកាន់តែមានគណនេយ្យភាពបន្ថែមទៀតចំពោះ ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ សម្ដេចក្រឡាហោម បានស្នើដល់ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រទេសអាល្លឺម៉ង់ ឱ្យជួយបន្តគាំទ្រដល់ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាបន្ថែមទៀត។

នាកាសនោះ​ លោកទូត​ ក៏បានជ្រាបផងដែរថា ការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យជាទីគាប់ចិត្ត ពិសេសការបង្ខិតសេវាសាធារណៈ ឱ្យបានទៅកៀកនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ