សម្ដេចតេជោ ហ៊ុន សែន ៖ ចាំបាច់ណាស់ ត្រូវពង្រឹងក្រមសីលធម៌ អំពីការប្រកួតកីឡា ក្រោយមានសោកនាដកម្ម នៅឥណ្ឌូនេស៊ី
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីការពង្រឹងនូវក្រមសីលធម៌ នៃការប្រកួតកីឡា បន្ទាប់ពីកើតមាននូវសោកនាដកម្មមួយចំនួន ដែលកាលពីពេលថ្មីៗនេះ កើតឡើងនៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ (41st OCA GENERAL ASSEMBLY) នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សោកនាដកម្មមួយចំនួន បានកើតឡើងនៅពេលមានការប្រកួតកីឡា ជាពិសេសថ្មីៗន កើតឡើងនៅប្រទេសឥណ្ឌូនេស៊ី ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។ ដូច្នេះ ត្រូវតែមានការពង្រឹងនូវក្រមសីលធម៌ នៃការប្រកួត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សម្រាប់ចំណុចទីពីរ គឺជាចំណុចអំពីវិធានការនៃការពង្រឹងក្រមសីល ធម៌នៃការប្រកួត ហេតុអ្វីទៅ ដោយសារតែបញ្ហាការប្រកួត យើងឃើញថា សោកនាដកម្មមួយចំនួន បានកើតឡើងជាពិសេសថ្មីៗនេះ នៅឥណ្ឌូនេស៊ីអំពីហិង្សា និងការរត់ជាន់គ្នាស្លាប់ នៅប្រទេសមួយចំនួននៅអឺរ៉ុប ក៏មានព្រឹត្តិការណ៍កើតឡើង នៅទ្វីបដទៃក៏មានព្រឹត្តិការណ៍កើតឡើង ដូច្នេះវាជាការចាំបាច់ណាស់ ដែលការពង្រឹងនូវក្របខ័ណ្ឌក្រមសីលធម៌ អំពីការប្រកួតដែលវាមិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែរំលោភបំពានទៅលើលក្ខខ័ណ្ឌនៃការប្រកួត ឬប្រើអំពើហិង្សានោះទេ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើតំបន់អាស៊ី មានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ។ ក៏ប៉ុន្តែមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ ក្នុងការគ្រប់គ្រងខាងកីឡានោះទេ។
សូមជម្រាបថា កាលពីយប់ថ្ងៃសៅរ៍ ទី ១ ខែតុលា ឆ្នាំ ២០២២កន្លងទៅនេះ មានសោកនាដកម្មមួយ បានកើតឡើងនៅកីឡដ្ឋាន Kanjuruhan នាទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ី ដោយបានធ្វើឲ្យមនុស្សសរុប ១២៥នាក់បានស្លាប់ និង ៣២៣នាក់ផ្សេងទៀតរងរបួស ដោយសារការរត់ជាន់គ្នា បន្ទាប់ពីក្រុមមន្ត្រីបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងកីឡដ្ឋាន ដើម្បីទប់ស្កាត់មិនឲ្យអ្នកគាំទ្រសម្រុកចូលទីលាន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ