ភ្នំពេញ៖ ការដោះដូរទីតាំងដីព្រៃតំបន់ភ្នំតាម៉ៅមិនប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនោះទេ។ ហើយការដោះដូរទីតាំងដីព្រៃតំបន់ភ្នំតាម៉ៅ ជាការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍ។ នេះជាការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ការលើកឡើងនេះ ធ្វើឡើងក្រោយពីក្រុមសកម្មជនបរិស្ថាន និង ប្រជាពលរដ្ឋមួយចំនួននាំគ្នារិះគន់ពីដោះដូរដីនៅតំបន់នោះ។

លោក វេង សាខុន ថា «ការដោះដូរទីតាំងដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ស្នើសុំការអនុញ្ញាតផ្ទេរសិទ្ធិមុនធ្វើការអភិវឌ្ឍរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី មិនប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលមានទំហំជាង៤០០ហិកតា និង មានរបងព័ទ្ធជុំវិញជាង ៨៣៩៤ម៉ែត្រ និងមាន ហេដ្ឋារចនាសម្ព័ន្ធនានាដែលបានអភិវឌ្ឍកន្លងមកនោះទេ»។

លោក បន្ដថា រដ្ឋាភិបាលនៅតែរក្សាទុក ផ្ទៃដីឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅដដែល លើសពីនេះ ក្រសួងកសិកម្មមានផែនការកែលម្អឲ្យកាន់តែប្រសើរថែមទៀត រួមទាំងបង្កើតទីតាំងសួនសត្វមួយទៀត នៅខេត្តសៀមរាប និង មជ្ឈមណ្ឌលអភិរក្សផ្កានៅខេត្តមណ្ឌលគីរីផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ជាកន្លែងសង្គ្រោះ ព្យាបាលសត្វព្រៃ របួស ពិការ ឈឺ សត្វព្រៃដែលម្ចាស់អស់និស្ស័យ សត្វព្រៃដែលបង្ក្រាបបានពីការជួញដូរខុសច្បាប់ និង ចិញ្ចឹមថែរក្សាទុកសត្វព្រៃដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចលែងទៅទីជម្រក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ