ម្ដាយក្មេកស្ពឹកមុខ ដោយសារកូនកំលោះចេញមុខបកស្រាយ ក្រោយផ្ទុះរឿងការរួច មិនឲ្យលុយថ្លៃចុងភៅ
ភ្នំពេញ ៖ ករណីគូស្នេហ៍មួយគូរៀបការរួច ត្រូវម្ចាស់គណនីហ្វេសប៊ុកមួយធ្វើការបើកកកាយរឿងមិនទូទាត់ឲ្យថ្លៃចុងភៅ ធ្វើឲ្យផ្ទុះកក្រើកពេញបណ្ដាញសង្គមនោះ ទីបំផុតកូនប្រុសចេញមុខបញ្ជាក់ហើយថា ជាការទទួលខុសត្រូវរបស់ម្ដាយក្មេក។
កូនកំលោះតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Pu Lin បានបញ្ជាក់ឆ្លើយតបដូច្នេះថា ៖ «ពិធីមង្គលការនឹងជារបស់ខ្ញុំមែនហើយ មុនមានពិធីនេះកើតឡើងម្ដាយឪពុកទាំងសងខាងបាននិយាយគ្នារឿងលុយកាក់អស់ហើយដែរ ខ្ញុំមិនមែនជាអ្នកមានហ៊ឺហាអីទេ ខ្ញុំមានលុយបន្តិចបន្តួចក៏ប្រគល់ឱ្យខាងស្រី ហើយម្ដាយក្មេកខ្ញុំបាននិយាយហើយមុនរៀបចំពិធីការនេះឡើង ខាតឬចំណេញគាត់ជាអ្នកទទួលខុសត្រូវ ចៃដន្យកម្មវិធីវាខាតមែនហើយលុយចំណងដៃ និងលុយកួចដៃខ្ញុំមិនបានយកសូម្បីមួយរយខ្មែរ ពេលមានរឿងគាត់ដោះស្រាយតែពីរនាក់ដល់ពេលមានរឿងខាងចុងភៅមិនដែលទាក់ទងមកខ្ញុំទេ ដល់ពេលមានរឿងដោះស្រាយមិនចេញទម្លាក់មកលើខ្ញុំទាំងស្រុង បង្ហោះរូបខ្ញុំឱ្យគេជេរពេញហ្នឹងវាដូចជាធ្ងន់ធ្ងរពេកហើយសម្រាប់ខ្ញុំ»។
កាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះKim Ly បានបង្ហោះសារភ្ជាប់ជាមួយវិក្កយបត្របញ្ជីត្រូវទូទាត់លើចំណាយចុងភៅនៃពិធីរៀបការខាងលើ ដោយរៀបរាប់ដូច្នេះថា ថ្ងៃការអ្នកទាំងពីរ គឺមានភ្ញៀវកិត្តិយសទៅចូលរួមពេញ មិនសល់តុឡើយ រាប់ទាំងថ្ងៃចូលរោង ថ្ងៃកាត់សក់ និងពេលល្ងាច សរុបទាំងអស់ចំនួន ៤ ១៥០ ដុល្លារ។ អ្នកទាំងពីរបានរៀបការតាំងពីថ្ងៃទី២២ ខែមីនា ២០២០ រហូតមកដល់ពេលនេះនៅតែមិនទាន់ទូទាត់ឱ្យទៀត ខាងចុងភៅធ្លាប់ដាក់ពាក្យបណ្ដឹងធ្វើកិច្ចសន្យាម្ដងហើយ តែនៅមិនព្រមសងដដែល ដោយអ្នកទាំងពីរប្រាប់ថាមិនទាន់មានលុយ៕ RR