ភ្នំពេញ ៖ ភាពតានតឹងនៅកោះតៃវ៉ាន់ បានកើតឡើងជាថ្មីម្តងទៀត ពេលដែលលោកស្រី ផេឡូស៉ី ប្រធានសភាតំណាងរាស្ត្រអាមេរិក ចង់បំពេញទស្សនកិច្ចនៅដែនកោះមួយនេះ។ សកម្មភាពរបស់អាមេរិកចំពោះចិនបែបនេះដែរ បានបង្កើតជាភាពតានតឹងយ៉ាងខ្លាំង ហើយវាកើតឡើងស្របពេលដែលកម្ពុជា ធ្វើជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ហេតុនេះហើយបណ្តាប្រទេសនានាលើពិភពលោក សុទ្ធតែចង់ដឹងជំហររបស់កម្ពុជា ក្នុងនាមប្រធានអាស៊ាន ចំពោះបញ្ហាខាងលើ។

បើតាម លោកបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងជាថ្មីថា «កម្ពុជារក្សាប្រកាន់គោលនយោបាយចិនតែមួយ»។ អ្នកនាំពាក្យផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលថ្លែងក្នុងនាមកម្ពុជា បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ហើយលោកបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហា ដែលកំពុងកើតមាននៅកោះតៃវ៉ាន់។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលប្រចាំថ្ងៃ នៃដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត គង់ ភោគ បានបញ្ជាក់យ៉ាងដូច្នេះថា «ជំហររបស់កម្ពុជានៅតែមិនផ្លាស់ប្ដូរ។ យើងគោរពនូវគោលនយោបាយចិនតែមួយ ហើយយើងសង្ឃឹមថាភាគីទាំងអស់នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ រួមទាំងឯកសារគន្លឹះដែលពួកគេបានយល់ព្រមរួចមកហើយ»។

លោកបន្តថា «ជាការពិតណាស់ យើងមានការព្រួយបារម្ភចំពោះភាពតានតឹងដែលកំពុងកើតឡើងនៅកោះតៃវ៉ាន់។ យើងមិនចង់ឃើញ ស្ថានភាពបែបនេះទេ ព្រោះពិភពលោកកំពុងប្រឈមនឹងវិបត្តិជាច្រើនក្នុងពេលតែមួយ»។

លោកបណ្ឌិត គង់ ភោគ បានថ្លែងទៀតថា ពិភពលោកទើបតែកំពុងជាសះស្បើយពីជំងឺរាតត្បាតជំងឺកូវីដ១៩ ហើយឥឡូវនេះក៏ជួបប្រទះនូវស្ថានភាពសន្តិសុខក្នុង និងក្រៅតំបន់ រួមទាំងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ ឥឡូវនេះ កម្ពុជាចង់ឃើញការបន្ធូរបន្ថយភាពតានតឹង ហើយកម្ពុជាសង្ឃឹមថា ភាគីទាំងអស់នឹងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយសន្តិវិធី ព្រោះកម្ពុជាមិនគិតថា ទង្វើនៃសង្គ្រាម ឬការប្រើអំពើហិង្សា ឬការបង្កើនភាពតានតឹងនឹងនាំឱ្យខិតទៅរកដំណោះស្រាយនៃវិបត្តិទេ។

លោកបញ្ជាក់ទៀតថា «ដូច្នេះហើយ យើងបន្តជំរុញឱ្យភាគីជម្លោះទាំងអស់ចូលរួម និងការសន្ទនាប្រកបដោយសន្តិវិធី រួសរាយ បើកចំហ និងស្មោះត្រង់ ទើបអាចផ្សះផ្សាភាពខុសគ្នាបាន។ យ៉ាងហោចណាស់ ពួកគេអាចបង្កើតបរិយាកាសមួយផ្សេងទៀត ដូចជាការពិភាក្សាជជែកគ្នាអាចដោះស្រាយបញ្ហាបាន»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ