ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការគោរពកោតសរសើរដ៏ស្មោះចំពោះវីរភាពដ៏អង់អាចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង បម្រើក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

តាមរយៈសារជូនពរចំពោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលនឹងឈានចូលមកដល់ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «សូមសម្ដែងនូវការគោរពកោតសរសើរដ៏ស្មោះចំពោះវីរភាពដ៏អង់អាច មោះមុតប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង បម្រើក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន អស់រយៈពេល ជាច្រើនទសវត្សរ៍កន្លងមក»។

សម្ដេចក្រឡាហោម បន្ដថា ទន្ទឹមនេះ ពីមួយដំណាក់កាលទៅមួយដំណាក់កាល នៃនីតិកាលរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គទេសក៍ប្រកបដោយទេពកោសល្យ និងគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងបានដាក់ចេញគោលនយោបាយ និងសម្រេចបានសមិទ្ធផលជាតិធំធេងជាច្រើនលើគ្រប់វិស័យ ជាពិសេស បានលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែលេចធ្លោថែមទៀតប្រកបដោយមោទនភាពនៅក្នុងតំបន់ និងសកលលោក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង់យ៉ាងមធ្យ័តក្នុងការថែរក្សាការពារនូវអធិបតេយ្យជាតិ បូរណភាពទឹកដី និងធានាបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ ក្នុងក្របខណ្ឌ នៃការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្ដេចតេជោ នាយករដ្ឋមន្តី តែងបានគិតគូរយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញគោលនយោបាយអាទិភាពនានា ជាអាទិ៍ ការដំឡើងប្រាក់បៀវត្ស គោលរបបសោធននិវត្តន៍ និងជំនួយសង្គមកិច្ចជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងបុគ្គលិក កម្មករ និងនិយោជិត សំដៅលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរឡើងជាលំដាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ