ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាមិនឲ្យ យន្ដហោះ ដឹកប្រជាពលរដ្ឋខ្មែរ១៥០នាក់ ដែលរស់នៅម៉ាឡេស៊ី មកកម្ពុជានោះទេដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ខណៈពិភពលោក កំពុងមានការឆ្លងនេះ ជាសាកលផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ វិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំ សូមយក ឱកាសនេះ និយាយទៅកាន់ប្រជាពលរដ្ឋនោះតែម្ដង នៅក្រៅប្រទេស គឺយកចិត្តទុកដាក់គោរពបែបបទ នៅក្នុងប្រទេសរបស់គេនោះ។ ហើយ សម្រេចចិត្តព្រឹកមិញនេះ (ព្រឹកថ្ងៃទី៧ មេសា) ហើយសម្រេចចិត្ត ដោយមានការឈឺចិត្ត ប៉ុន្ដែខ្ញុំគ្មានជម្រើសក្រៅពីនេះទេ សូមបងប្អូននៅម៉ាឡេស៊ី ១៥០នាក់ ដែលត្រៀមហោះហើរចូ លមកកម្ពុជានៅព្រឹកនេះ ត្រូវមានការយោគយល់»។

សម្ដេចតេជោក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ី ដែលរស់នៅកន្លែងណា ត្រូវរស់នៅកន្លែងនោះជាធម្មតាសិន កុំមានចលនាទៅណាឲ្យសោះ ដើម្បីទប់ស្កាត់ កូវីដ-១៩។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចូលរួមរំលែកទុក្ខប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិក ដែលស្លាប់ដោយសារជំងឺ កូវីដ-១៩ ។

នាយករដ្ឋមន្ដ្រីថា «ឥឡូវខ្មែរយើង ដែលស្លាប់នៅប្រទេសក្រៅ ខ្ញុំសូមសម្ដែងមរណទុក្ខ ជាមួយបងប្អូនកម្ពុជា ដែលរស់នៅសហរដ្ឋអាមេរិក រស់នៅប្រទេសក្រៅ ដែលមានកំពុងមាន ការភ័យខ្លាច និងត្អូញត្អែរពីប្រព័ន្ធ ការពារសុខភាពនៅទីនោះ ហើយផ្ញើជាបន្ដបន្ទាប់ចូលមកក្នុង ប្រទេសព្រួយបារម្ភ ហើយមានអ្នកខ្លះ ចង់មករស់នៅស្រុកខ្មែរ ព្រោះមានអ្នកជំងឺតិច ខ្ញុំសូមអង្វររស់នៅទីណានៅទីនោះ»។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះអ្នកបរិច្ចាគប្រាក់ខែរបស់ខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ នៅកម្ពុជា។ ហើយអ្វីដែលធ្វើនាពេលនេះ មិនមែនជាចលនាមួយណាឡើយ ទាំងនេះជាទឹកចិត្តរួម «ខ្មែរ ជួយខ្មែរ»។ សម្ដេចថា ការបរិច្ចាគលើកនេះ មិនដូចពេលមុនឡើយ គឺត្រូវមានលិខិតបញ្ជាក់ ចូលរួមបរិច្ចាគខ្លួនឯង ដោយគ្មានអ្នកណាចាប់បង្ខំឡើយ។

សម្ដេច មានប្រសាសន៍ថា «បរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួន ដើម្បីចូលរួមជាមួយនឹងយុទ្ធនាការ ប្រឆាំងកូវីដ-១៩នេះ ដែលរហូតមកដល់ម៉ោង២រសៀល ថ្ងៃទី៦ មេសា ចំនួនអ្នកដែលបានចូល រួមកាត់ប្រាក់ខែ របស់ខ្លួនមាន១៥៨៦នាក់ រួចស្រេចទៅហើយ នេះគិតចំនួនប្រាក់ខែធំៗ»។

សម្ដេចបន្ដថា មន្ដ្រីរាជរដ្ឋាភិបាល ទាំងអស់ ត្រូវបរិច្ចាគចាប់ពីខែឧសភា តទៅ ។មានតែមួយ ករណី សម្ដេច បរិច្ចាគ ចាប់ពី មីនា តទៅ។សម្ដេចថា មានមន្ដ្រីជាច្រើន នៅតាមមូលដ្ឋាន មានបំណង ចង់បរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួន ចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕

ដោយ ៖ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ