ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជំរុញមន្ដ្រិអប់រំនៅខេត្តព្រែវែងទាំងអស់ ជួយទំនុកបម្រុង និងផ្តល់ឱកាសដល់កុមារជួបការលំបាក និងងាយរងគ្រោះ បានចូលរៀន និងបន្តរៀន ពិសេសជួយសិស្សរៀនយឺត ឱ្យទទួលបាននូវការសិក្សាកាន់តែប្រសើរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង បានផ្តាំផ្ញើលើចំណុចមួយចំនួនថា រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលស្រុក ត្រូវបន្តចូលរួមគាំទ្រ និងសម្របសម្រួលទាំងរដ្ឋបាល និងបច្ចេកទេសដល់ដំណើរការរៀន និងបង្រៀននៅ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងក្នុងខេត្ត និងស្រុករបស់ខ្លួន។

សម្ដេចក្រឡាហោម គូសបញ្ជាក់ថា «គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ត្រូវយកចិត្ត ទុកដាក់បន្ថែមទៀតលើការគ្រប់គ្រងសាលារៀន ជាពិសេសការជួយទំនុកបម្រុង និង ការផ្តល់ឱកាសដល់កុមារ ជួបការលំបាក និងងាយរងគ្រោះបានចូលរៀន និងបន្តរៀន ជួយសិស្សរៀនយឺតឱ្យទទួលបាននូវការសិក្សាកាន់តែប្រសើរ»។

សម្ដេចក្រឡាហោម បន្ដថា ក្នុងនាមជាអ្នកផ្តល់ សេវាអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវតែ បន្តអភិវឌ្ឍសមត្ថភាពជាប់ជា ប្រចាំតាមរយៈការចូលរួមសិក្ខាសាលា វគ្គបំប៉ននានា ដូចជា វគ្គបំប៉នស្តីពីការអនុវត្ត កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងការគ្រប់គ្រងសាលារៀន ជាដើម។ ជាមួយគ្នានេះ ឆ្លើយតបនឹងការវិវត្តិបច្ចេកវិទ្យាព័ត៌មាន ដើម្បីបម្រើការបង្រៀន និង រៀន និងការងាររដ្ឋបាលឱ្យកាន់តែល្អប្រសើរ ព្រមទាំងសមត្ថភាពភាសាបរទេស ជាពិសេស ភាសាអង់គ្លេស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ