ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ដោយវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។

នេះបើតាមលទ្ធផលជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកប្រធានស្ថានតំណាង ត្រូវចប់អាណត្តិបេសកកម្មនៅកម្ពុជា។

ភ្ជាប់នឹងអាណត្តិការងារ ៣ឆ្នាំ នៅកម្ពុជា ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណដល់លោកប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ដែលជានិច្ចកាលតែងតែសម្របសម្រួលដល់ការធ្វើការងាររវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសលើការងារបណ្តុះបណ្តាលមន្ត្រីនៃប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសដែលកើតឡើងនៅតាមបណ្តោយព្រំដែននៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម។

ចំណែកលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានជម្រាប លោកឧបនាយករដ្ឋមន្ត្រី ស សុខា នូវសេចក្ដីថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា រួមទាំងក្នុងអាណត្តិដែលលោកជាប្រធាន។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកម្មវិធីធំៗដូចជា៖ ស៊ីហ្គេម ប៉ារ៉ាហ្គេម ជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ