សម្ដេចក្រឡាហោម ស ខេង ណែនាំមន្រ្តីពាក់ព័ន្ធមិនត្រូវសន្មត់ថា បញ្ហាប្រជាពលរដ្ឋលើកឡើងមកនោះ ជារឿងតូចតាចឱ្យសោះ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ទាំងអស់មិនត្រូវសន្មត់ថា បញ្ហាប្រជាពលរដ្ឋដែលបានស្នើ ឬលើកឡើងមកនោះ ជារឿងតូចតាចឱ្យសោះ ត្រូវរួមគ្នាដោះស្រាយដោយមានប្រសិទ្ធភាព។
ក្នុងពិធីប្រកាសសេចក្ដីសម្រេច បង្កើតក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ មតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម នាថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍គូសបញ្ជាក់នាឱកាសនោះថា ការតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជន ឬប្រជាពលរដ្ឋក្នុងបណ្ដាញសង្គមនេះ ប្រៀបបាននឹងការឆ្លុះកញ្ចក់មួយដូច្នេះដែរ។
សម្ដេចក្រឡាហោម បន្ថែមថា ការខិតខំប្រមូលសំណើ សំណូមពរ និងមតិយោបល់តាមបណ្ដាញសង្គមនេះ ក៏ជាការឆ្លើយតបតាមសេចក្ដីប្រាថ្នារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្ដេចបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់តាមដានបញ្ហាប្រជាពលរដ្ឋលើបណ្ដាញសង្គម ហើយខិតខំដោះស្រាយឱ្យបានទាន់ពេលវេលា។
សម្ដេចក្រឡាហោម បានមានប្រសាន៍ថាបន្ទាប់ពីសម្ដេចបង្កើតក្រុមការងារតាមដានសំណើ សំណូមពរ និងមតិយោបល់មហាជនរយៈពេលប្រមាណ២ឆ្នាំមក សម្ដេចសង្កេតឃើញថាមានមហាជនកាន់តែច្រើនឡើងបានដាក់សំណើ សំណូមពរ និងលើកមតិយោបល់ជាច្រើនមកកាន់ផេកហ្វេសប៊ុកសម្ដេច និងថាព្រោះហេតុដូច្នេះហើយទើបសម្ដេច សម្រេចកែសម្រួលក្រុមការងារនេះដោយដាក់បញ្ចូលបន្ថែមនូវមន្រ្តីនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រសួងមហាផ្ទៃ ដើម្បីបង្កើនការជឿជាក់ និងមានទំនុកចិត្តពីមហាជន។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ក្រុមការងារ ក្នុងនោះសម្ដេចក៏បានសង្កត់ធ្ងន់ថា «មន្រ្តីពាក់ព័ន្ធទាំងអស់មិនត្រូវសន្មត់ថាបញ្ហាប្រជាពលរដ្ឋដែលបានស្នើឬលើកឡើងមកនោះជារឿងតូចតាចឱ្យសោះ»។ សម្ដេចបានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហាណាមួយ សូមប្រមូល និងតាមដានបញ្ហាទាំងនោះឱ្យជាប់ ហើយអាចចុះទៅពិនិត្យបញ្ហានោះដោយផ្ទាល់ ដើម្បីជំរុញការដោះស្រាយមានប្រសិទ្ធភាព៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ