បាត់ខ្លួនអស់៤០ថ្ងៃ ក្នុងព្រៃអាម៉ាហ្សូន ទីបំផុត កុមារទាំង៤នាក់ត្រូវបានរកឃើញទាំងអស់ ដោយនៅរស់រានមានជីវិត
(អន្តរជាតិ)៖ ប្រធានាធិបតីកូឡំប៊ី លោក Gustavo Petro បានប្រកាសថា កុមារជនជាតិដើមភាគតិច ៤នាក់ ដែលបានបាត់ខ្លួនអស់រយៈពេលជាងមួយខែនៅក្នុងព្រៃអាម៉ាហ្សូនរបស់ប្រទេសកូឡុំប៊ី បន្ទាប់ពីធ្លាក់យន្តហោះតូចមួយត្រូវបានរកឃើញទាំងនៅរស់រានមានជីវិត។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៣។
ប្រធានាធិបតីកូឡំប៊ី បានសរសេរនៅលើ Twitter ថា «លោករីករាយសម្រាប់ប្រទេសទាំងមូល! កុមារ ៤នាក់ដែលបានបាត់ខ្លួនកាលពី ៤០ ថ្ងៃមុននៅក្នុងព្រៃកូឡុំប៊ីត្រូវបានរកឃើញនៅរស់»។លោក Petro បានប្រាប់សារព័ត៌មាននៅទីក្រុង Bogota ថា «ពួកគេមានសុខភាពខ្សោយណាស់»។
គួរបញ្ជាក់ថា កុមារដើមកំណើតមកពីក្រុមជនជាតិដើមភាគតិច Uitoto ដែលមានអាយុ ១៣ឆ្នាំ ៩ឆ្នាំ ៤ឆ្នាំនិងមួយឆ្នាំ បានវង្វេងនៅក្នុងព្រៃចាប់តាំងពីថ្ងៃទី០១ ខែឧសភានៅពេលដែលយន្តហោះ Cessna 206 ដែលពួកគេបានធ្វើដំណើរបានធ្លាក់។ក្នុងនោះ សាកសពមនុស្សពេញវ័យបីនាក់ដែលនៅជាមួយពួកគេ ម្តាយ អ្នកបើកបរយន្តហោះ និងសាច់ញាតិម្នាក់ ត្រូវបានរកឃើញនៅទីតាំងធ្លាក់ដោយកងទ័ព។
សូមជម្រាប់ថា ការស្វែងរកនេះ បានប្រើកម្លាំងទាហាន ១៦០ នាក់ និងជនជាតិដើមភាគតិច ៧០នាក់ដែលមានចំណេះដឹងស្និទ្ធស្នាលអំពីព្រៃបានដំណើរការតាំងពីក្មេងមកម្ល៉េះ ដោយទទួលបានការចាប់អារម្មណ៍ជាសកល។តំបន់នេះជាជម្រករបស់សត្វខ្លា ពស់ ក៏ដូចជាក្រុមរត់ពន្ធគ្រឿងញៀន ប្រដាប់អាវុធ ប៉ុន្តែតម្រុយដែលកំពុងបន្ត ស្នាមជើង ក្រណាត់កន្ទបទារក ផ្លែឈើបរិភោគបានពាក់កណ្តាល នាំឱ្យអាជ្ញាធរជឿថា ពួកគេកំពុងដើរតាមដានរបស់ក្មេងៗទាំងនោះ៕