រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឲ្យពលរដ្ឋបង្កើនការដាំដំណាំកសិកម្មក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ខណៈបិទការនាំចូលដោយសារជំងឺ កូវីដ-១៩
ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានផ្តល់អនុសាសន៍ឲ្យ ពង្រឹងវិស័យកសិកម្ម ដែលជាមុខព្រួញសំខាន់នោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានណែនាំ ឲ្យប្រជាពលរដ្ឋបង្កើនការដាំដំណាំកសិកម្មក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ខណៈពេលមាន ការ បិទការនាំចូល ដោយសារតែកំពុងប្រឈមបញ្ហាជាមួយនឹងជំងឺកូវីដ-១៩។
ការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្មនេះ ធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ឲ្យពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញការផលិតក្នុងស្រុករួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះ បង្កើតជាកាលានុវត្តភាព សម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅដើម្បីចូលរួមបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងការចុះមកពិនិត្យសកម្មភាពជាក់ស្តែង និងវឌ្ឍនភាពនៃគម្រោងស្តីពី “កម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE” នៅស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោក វេង សាខុន បានជំរុញដល់អង្គភាពអនុវត្តន៍ និងអ្នកទទួលផលពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាពអំពី សកម្ម ភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដើម្បីក្រសោបយក ឱកាសមាសនេះមកកាន់ក្នុងដៃឱ្យបានដោយត្រូវបង្កើនការផលិតទាំងបរិមាណ និងគុណភាព ធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
លោកបានណែនាំដល់ អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ត្រូវចូលរួមសហការឱ្យបានពេញលេញជាមួយមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល និងឧបត្ថម្ភ គាំទ្រគ្រប់បែប យ៉ាង ក្នុងទិសដៅចម្បងគឺបង្កើនការផលិតក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ក្នុងខណ:ដែលយើងបិទការ នាំចូល កសិផលពីខាងក្រៅ។
ជាមួយគ្នានេះ ដើម្បីឱ្យការអនុវត្តគម្រោងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ថែមទៀត ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឱ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីអន្តរស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាពធ្វើយ៉ាងណាឱ្យការអនុវត្ត កម្មវិធី បានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទាន ប្រកបដោយ តម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និង យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
លោកបានក្រើនរម្លឹកប្រជាពលរដ្ឋទាំងអស់ ត្រូវ តែបង្កើនការប្រុងប្រយ័ត្នដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យមានប្រសិទ្ធ ភាព ដោយ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ ៖ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ