(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរថា «កម្ពុជា មិនគាំទ្រឱ្យមានការបំបែករដ្ឋណាមួយ ចេញពីអ៊ុយក្រែន នោះទេ»។ដោយថ្លែងពីទឹកដីនៃខេត្តសៀមរាប នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កម្ពុជាប្រឆាំងដាច់ខាត នូវការគំរាមប្រើកម្លាំង ឬប្រើកម្លាំង ទៅលើប្រទេសណាមួយ នោះទេ»។

 គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួមការចុះហត្ថលេខាជាមួយតំណាង ៤នាក់មកពីទឹកដីអ៊ុយក្រែនរួមមានតំបន់ Donetsk, Luhansk, Zaporizhia និង Kherson ដោយពួកគេនឹងប្រគល់លទ្ធផលប្រជាមតិ ដែលមានបំណងចង់ក្លាយជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAFP នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០២២។

អាជ្ញាធររុស្ស៊ីបានចាប់ផ្តើមរៀបចំកន្លែងសម្រាប់ព្រឹត្តិការណ៍ មួយ ដើម្បីប្រកាសជាសាធារណៈ អំពីការបញ្ចូលទឹកដីអ៊ុយក្រែនចំនួន៤ ទៅក្នុងប្រទេសរុស្ស៊ីនៅលើទីលានក្រហមនៅកណ្តាលទីក្រុងម៉ូស្គូ រាជធានីនៃប្រទេសរបស់ខ្លួន ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ