Guayaquil ៖ ការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃប្រទេសអេក្វាឌ័រ និងប៉ូលិសបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយប្រដាប់អាវុធមួយបានសម្លាប់មនុស្សចំនួន ១០ នាក់ នៅក្នុងទីក្រុងកំពង់ផែ Guayaquil ប្រទេសអេក្វាឌ័រ។ ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ៣ នាក់ បានរងរបួស ក្នុងនោះមានក្មេងស្រីអាយុ ៥ឆ្នាំ ម្នាក់ផងដែរ។

ការិយាល័យរដ្ឋអាជ្ញាអេក្វាឌ័របានបង្ហោះនៅលើបណ្តាញគណនី Twitter របស់ខ្លួនថា កាំភ្លើងវែងមួយដើម និងកាំភ្លើងទំហំ ៩ មិល្លីម៉ែត្រ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។

យោងតាមរយៈ មេបញ្ជាការប៉ូលិសជាតិ លោក William Villaroel បានប្រាប់សន្និសីទសារព័ត៌មានមួយថា "យើងជឿថា នេះទាក់ទងនឹងការតស៊ូរវាងក្រុមឧក្រិដ្ឋជនដែលបានរៀបចំឡើង ជុំវិញការប្រយុទ្ធដើម្បីគ្រប់គ្រងទឹកដី" ។ ជាងនេះទៅទៀត អគ្គស្នងការនគរបាលជាតិ បានសរសេរនៅលើ Twitter ថា "នៅពេលនេះ អង្គភាពស៊ើបអង្កេត និងស៊ើបការណ៍របស់យើងកំពុងអនុវត្តសកម្មភាពប្រតិបត្តិការ ដើម្បីកំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវ"។ ដោយឡែក មិនទាន់មានការចាប់ខ្លួនភ្លាមៗត្រូវបានកំណត់នោះទេ។

រដ្ឋាភិបាលអេក្វាឌ័របានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីដើមខែមេសានៅ Guayaquil និងតំបន់ជុំវិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងទីក្រុងកំពង់ផែប៉ាស៊ីហ្វិក។ វិធានការនេះរួមមានបម្រាមគោចរពីម៉ោង ១ ព្រឹកដល់ម៉ោង ៥ ព្រឹក ទៀតផង។

គួររំលឹកថា ប្រទេសអាមេរិកខាងត្បូងថ្មីៗនេះបានអនុញ្ញាតឱ្យជនស៊ីវិលកាន់កាប់ និងប្រើប្រាស់កាំភ្លើងដើម្បីការពារខ្លួន ចំពេលមានការកើនឡើងនៃឧក្រិដ្ឋកម្មដែលរដ្ឋាភិបាលបានស្តីបន្ទោសលើក្រុមជួញដូរគ្រឿងញៀន៕ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ