សហភាពសហជីពការងារយុវជនកម្ពុជា ដែលជាអង្គការវិជ្ជាជីវៈតំណាងឲ្យសំឡេងកម្មករ និយោជិត ដែលកំពុងបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានគាំទ្រចំពោះសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២០។
នៅក្នុងសេចក្តីអំពាវនាវរបស់សហភាពសហជីពការងារយុវជនកម្ពុជា បានបញ្ជាក់ថា «ការចូលរួមរបស់ បងប្អូនកម្មករនិយោជិតក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងមិនត្រឹមតែអាចការពារសុខភាព សុវត្ថិភាពខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចការពារសុខភាព និងសុវត្ថិភាពក្រុមគ្រួសាររបស់ បងប្អូន និងមិត្តរួមការងារផងដែរ»។
សហភាពសហជីពការងារយុវជនកម្ពុជា ក៏សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតគ្រប់រូបបន្តគោរព និងអនុវត្តតាមវិធានការអនាម័យដែលត្រូវបានណែនាំដោយក្រសួងសុខាភិបាល និងវិធានការនានា រប ស់ រាជរដ្ឋាភិបាល ជាពិសេសសូមកាត់បន្ថយការជួបជុំគ្នាដែលមិនចាំបាច់ ដើម្បីចូលរួមបង្ការ និងទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនិងនេះដែរសូមកម្មករនិយោជិតទាំងអស់ចូលរួមទប់ស្កាត់ ការចែកចាយសារផ្សេងៗ ដែលមានអត្ថន័យញុះញង់ឲ្យបដិសេធមិនអនុវត្តតាមសេចក្តីសម្រេចរបស់ រដ្ឋាភិបាល។
គួររំលឹកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានចេញអនុក្រឹត្យមសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ