ដឹកនាំក្រុមឈ្នះ ៤ប្រកួតជាប់គ្នា លោក Santiago Solari ត្រូវបាន Real Madrid ផ្ដល់កុងត្រាដល់ឆ្នាំ ២០២១
លោក Santiago Solari ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នជំនួសលោក Julen Lapotegui ដែលត្រូវបានក្លិបធ្វើការបណ្តេញចេញក្រោយពីបានដឹកនាំការប្រកួតចំនួន ១៤ប្រកួតតែប៉ុណ្ណោះបន្ទាប់ពីចាញ់ Barcelona ៥ទល់១ កាលពីខែមុន។
" ក្បាលម៉ាសុីនរបស់ក្លិបអធិរាជស Real Madrid បានធ្វើការប្រជុំគ្នាមួយកាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្នុងដំណើរការព្រមព្រៀងគ្នាក្នុងការតែងតាំងលោក Santiago Solari ជាគ្រូបង្វឹកឈុតធំរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ " នេះបើយោងតាមបង្ហោះលើគេហទំព័ររបស់ខ្លួន។
ច្បាប់នៅក្នុងលីគរបស់អេស្ប៉ាញ បានបញ្ជាក់ថាគ្រូបង្វឹកបណ្តោះអាសន្នអាចដឹកនាំក្រុមបានត្រឹមតែរយៈពេល ១៥ថ្ងៃតែប៉ុណ្ណោះហើយជាមួយគ្នានេះលោក Santiago Solari នឹងអស់សុពលភាពនាថ្ងៃអង្គារ៍នេះផងដែរ ទើបធ្វើឲ្យ Real Madrid ធ្វើការសម្រេចចិត្តតែងតាំងតែម្ដង។
ក្រោយពីចូលកាន់តំណែងជាគ្រូបង្វឹកបាន ៤ប្រកួតពោលគឺឈ្នះទាំង ៤ប្រកួតតែម្ដងដែលក្នុងនោះ ក្រុមអធិរាជស កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ក្រោយឆ្លងកាត់ប្រកួតបានចំនួន ១២ប្រកួត មាន ២០ពិន្ទុ ចាញ់ក្រុមកំពូលតារាង Barcelona ៤ពិន្ទុផងដែរ៕
ប្រភព៖ Sky Sport