ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ក្រសួង បំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវានៅតាមបុរី ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ព្រមទាំងសេវាអ៊ីនធឺណិតឲ្យល្អប្រសើរ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍

ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយ ក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី នាពេលថ្មីៗនេះ លោក ជា វ៉ាន់ដេត បានទទួលស្គាល់ថា ការជួបប្រទះបញ្ហាប្រឈមទាក់ទងនឹងសេវាទូរសព្ទចល័ត បានឲ្យប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ដូចជា ការសិក្សាក្នុងអំឡុងពេលកូវីដ-១៩។ លោកថា បញ្ហាគុណភាពសេវានេះ មានជាច្រើនឆ្នាំមកហើយ  ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ។

លោក បញ្ជាក់ថា «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវា  បង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី  ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតឲ្យបានល្អប្រសើរ»។ 

លោក បន្ថែមថា ក្រុមការងារនឹងសាងសង់បង្គោលអង់តែនបន្ថែមជាច្រើនទៀត ហើយត្រូវមានប្រតិបត្តិករចំនួន ៣ប្រើប្រាស់រួមគ្នាលើបង្គោលមួយ ដែលមានទម្រង់ជាដើមឈើ ប្រកបដោយសោភ័ណភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ