ភ្នំពេញ៖ក្នុងឱកាសឆ្នាំ២០២២ នឹងឈានមកដល់នាពេលខាងមុខនេះ ក្រសួងយុត្តិធម៌កម្ពុជា បាននឹ​ង​កំពុ​ងរៀ​​បចំ​គោលនយោបាយមួយចំនួន ពាក់ព័ន្ធទៅនឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅ​ថ្នា​ក់​មូលដ្ឋាន។នេះបើតាមការលើកឡើងរបស់ ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅលើ​ទំព័រហ្វេ​​​សប៊ុកផ្លូវការរបស់លោក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ។

 នៅក្នុងយន្តការទាំងនោះមានចំនួន៥ ចំណុច ដែលមានគោលដៅក្នុងការដោះ​ស្រា​យ​​ការ​ក​ក​ស្ទះ​សំណុំរឿងនៅតុលាការដែលមានដូចខាងក្រោម៖

១. ក្រសួងយុត្តិធម៌ នឹងធ្វើការផ្សព្វផ្សាយរួមគ្នាជាមួយសហភាពអឺរ៉ុបនៅកម្ពុជា នូវឯកសារទស្សនទាន​ស្តី​អំ​ពីកា​រដោះ​ស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្មនៅថ្នាក់មូលដ្ឋាន ជាភាសារខ្មែរ និងអង់គ្លេស ដែលជាឯកសារសិក្សាស្រាវជ្រាវមានលក្ខណៈវិទ្យាសាស្រ្ត បង្ហាញអំពីទម្រង់ យន្តការ និងវិធីសាស្រ្តនៃការដោះស្រាយវិវាទតាមរយៈសន្ធានកម្មនៅកម្ពុជា។

២. ក្រសួងយុត្តិធម៌ នឹងធ្វើការផ្សព្វផ្សាយរួមគ្នាជាមួយក្រសួងកិច្ចការនារី នូវឯកសារស្តីពីគោ​លការណ៍​ណែ​នាំ​អំពីវិធីសាស្រ្តសម្រុះសម្រួលវិវាទគ្រួសារឆ្លើយតបទៅនឹងយែនឌ័រ សម្រាប់មន្រ្តីអនុវត្តកា​រសម្រុះ​សម្រួលវិវាទនេះនៅថ្នាក់មូលដ្ឋាន។

៣. ក្រសួងយុត្តិធម៌ ក៏នឹងធ្វើការផ្សព្វផ្សាយផងដែរនូវឯកសារស្តីអំពីគោលការណ៍ណែនាំ គោលការ​​ណ៍​ប្រ​តិបត្តិ ក្រមសីលធម៌ និងវិធីសាស្រ្តនៃការបង្រៀន ពាក់ព័ន្ធការសម្រុះសម្រួលវិវាទ ដល់មន្រ្តី​អនុវត្ត​នៅ​ថ្នាក់មូលដ្ឋាន។

៤. ក្រសួងយុត្តិធម៌ ដោយសហការជាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា បន្តបេសកកម្មនៃកា​របណ្តុះ​ប​ណ្តាល ពង្រឹងសមត្ថភា​ព និងជំនាញនៃការសម្រុះសម្រួលវិវាទ​ដល់មន្រ្តីដែលអនុវត្ត​ផ្ទាល់នៅ​ថ្នាក់មូលដ្ឋាន។

៥. ជាទិសដៅបន្ត បន្ទាប់ពីការផ្សព្វផ្សាយឯកសារទស្សនទានស្តីអំពីកា​ររៀបចំយន្តការដោះ​ស្រាយវិវា​ទ​ក្រៅ​ប្រព័ន្ធតុលាការនៅកម្ពុជា តាមរយៈសន្ធានកម្ម​នៅថ្នាក់មូលដ្ឋាននេះ ក្រសួងនឹងរៀបចំឱ្យមា​នជា​គោ​ល​នយោបាយថ្នាក់ជាតិមួយអំពីយន្តការនេះ និងបន្ទាប់មកនឹងរៀបចំឱ្យ​ទៅជាច្បាប់ស្តីពីការដោះ​ស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាជារួមតែម្តង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ